ភ្នំពេញ៖ លោក គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋានពិនិត្យការជន់លិចផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពីថ្ងៃទី៣ ខែកក្កដាម្សិលមិញ និងប៉ះពាល់បង្កជាការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន ក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ លោក គីម វីរៈ អគ្គលេខាធិការ តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ (គ.ជ.គ.ម) បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងប៉ះពាល់ដល់ប្រជាពលរដ្ឋ ដើម្បីត្រៀមលក្ខណៈបង្ការធានាដល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។
បន្ទាប់ពីបានចុះពិនិត្យតាមទីតាំងជន់លិចក្នុងមូលដ្ឋានខណ្ឌទាំងពីរ លោក គីម វីរៈ បានឲ្យដឹងថា ក្រោយពីមានការព្យាករណ៍ដោយក្រសួងធនធានទឹក និងឧតុនិយមអំពីធាតុអាកាសនៅកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ ធ្វើឲ្យផ្ទៃមេឃបន្តមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ជាពិសេសក្នុងរាជធានីភ្នំពេញមានបរិមាណភ្លៀងធ្លាក់ខ្លាំងបង្កឲ្យលំនៅដ្ឋានប្រជាពលរដ្ឋរងការជន់លិច។
លោក គីម វីរៈ បញ្ជាក់ថា គិតមកទល់ពេលនេះ ពុំទាន់មានប្រជាពលរដ្ឋត្រូវបានជម្លៀសឡើងទីទួលសុវត្ថិភាពនោះទេ ខណៈអាជ្ញាធរក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យបានរៀបចំទីបញ្ជាការស្រាលសម្រាប់ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។
លោក គីម វីរៈ ថ្លែងថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងនៃភូមិភាគពិសេស រួមជាមួយបញ្ជាការដ្ឋានទ័ពពិសេស និងមន្រ្តីមូលដ្ឋានបានរៀបចំផែនការ និងការត្រៀមបង្ការក្នុងករណីភ្លៀងបន្តបង្អុលធ្លាក់ក្នុងកម្រិតខ្លាំង ត្រៀមជួយរាល់តម្រូវការរបស់ប្រជាពលរដ្ឋទាំងការដឹកជញ្ជូនសម្ភារៈចាំបាច់ទាំងឡាយ ឬជម្លៀសជាដើម។
លោក គីម វីរៈ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋត្រូវរាយការណ៍ឲ្យបានឆាប់រហ័ស ដើម្បីឲ្យការឆ្លើយតបចំពោះប្រតិបត្តិការជួយបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕ ដោយ ៖ ឧត្ដម













គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដង្កោ មានប្រជាពលរដ្ឋក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ប្រមាណ៧០គ្រួសារ បានប៉ះពាល់ និងភូមិចំនួនពីរ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។