ភ្នំពេញ ៖ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានានៅម៉ោង ១៦:០០ ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣នេះបានចេញសេចក្ដីថ្លែងការណ៍ ហាមឃាត់បុគ្គល ២២ រូប ដែលជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta មិនឱ្យចូល ឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ ដោយពួកគេត្រូវចាកចេញបន្ទាន់ក្នុងរយៈពេល ៤៨ ម៉ោងគិតចាប់ពីកាលបរិច្ឆេទចេញសេចក្ដីថ្លែងការណ៍នេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថាអនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានលក្ខណៈនយោបាយ។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា អនុសាសន៍នេះមានចេតនារារាំងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិតពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត។
ក្នុងស្មារតីនៃការអនុវត្តយ៉ាងម៉ឹងម៉ាត់ចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព និងដើម្បីទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចប្រកាសសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ចំនួន ២២ រូប ជាបុគ្គលដែលមិនអាចទទួលយកបាន (PERSONA NON GRATA)។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖«បុគ្គលដូចមានរាយនាមខាងលើត្រូវបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពួកគេត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ ម៉ោងគិតចាប់ពីកាលបរិច្ឆេទចេញសេចក្ដីថ្លែងការណ៍នេះនៅម៉ោង ១៦:០០ ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣»៕ អត្ថបទ៖វ៉ន ដារ៉ា



