ភ្នំពេញ ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៣នេះ បានប្រកាសថា ស្ថានភាពទូទៅថ្ងៃទី៤ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បញ្ជាក់ថា ថ្ងៃទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្ដាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពឃោសនាបោះឆ្នោត តាមលទ្ធភាព និងមធ្យោបាយរបស់ខ្លួន។
ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) នៅថ្ងៃទី៤នេះ មានគណបក្សនយោបាយចំនួន ៣ បានធ្វើសកម្មភាពហែក្បួនឃោសនា។ ក្នុងនោះគណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តពោធិ៍សាត់ និងគណបក្សសញ្ញាតិកម្ពុជា បានហែក្បួនឃោសនា នៅមណ្ឌលខេត្តកណ្តាល។
គណបក្សនយោបាយទាំងនេះបានធ្វើការឃោសនាបោះឆ្នោតតាមរូបភាពផ្សេងៗដូចជា ការជួបប្រជុំ ការចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការប្រគំតន្ត្រី ការចាក់បញ្ចាំងស្លាយ (Slide) វីដេអូ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណ និងបដានៅទីសាធារណៈ ដោយបានធ្វើ សកម្មភាពជាហូរហែ។
គ.ជ.ប បញ្ជាក់ថា៖«ជារួមស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីបួន នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣»៕ អត្ថបទ៖វ៉ន ដារ៉ា




