
ពលរដ្ឋប៉ាឡេស្ទីន រាប់រយនាក់ ក្នុងតំបន់ហ្គាហ្សា រួមមានទាំងអ្នកទាំងឡាយដែលមកពីក្រុមនយោបាយផ្សេងៗគ្នា បានធ្វើការតវ៉ាកាលពីថ្ងៃចន្ទដើម្បីថ្កោលទោសប្រតិបតិបត្តិការយោធារបស់អ៊ីស្រាអែលមកលើជំរំជនភៀសខ្លួនទីក្រុងJenin នៅតំបន់ West Bank ភាគខាងជើង និងដើម្បីបង្ហាញការគាំទ្រសម្រាប់អ្នកស្នេហាជាតិរបស់ពួកគេ។ យោធាអ៊ីស្រាអែល បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបំផុតនៅពេលព្រឹកព្រលឹមថ្ងៃចន្ទ នៅទីក្រុង Jenin តំបន់West Bank ក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ ដោយដាក់គោលដៅលើអ្វី ដែលខ្លួនហៅថា «ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនប្រដាប់អាវុធ»
ក្រសួងសុខាភិបាល ប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃចន្ទថា ពលរដ្ឋប៉ាឡេស្ទីន យ៉ាងហោចណាស់៨នាក់ រួមទាំងយុវជន៥នាក់ បានស្លាប់ និងជាង៨០នាក់បានរងរបួស នៅក្នុងប្រតិបត្តិការរហូតមកដល់ពេលនេះ ដោយអ្នកស្លាប់និងរបួស ត្រូវបានគេរំពឹងថានឹងកើនឡើង។ លោក Hazem Qassem អ្នកនាំពាក្យក្រុមហាម៉ាស់ ជាចលនាប្រដាប់អាវុធប៉ាឡេស្ទីន កំពុងគ្រប់គ្រង តំបន់ហ្គាហ្សា បានបង្ហាញពីកំហឹង លើការវាយប្រហាររបស់អ៊ីស្រាអែលដដែលមកលើពលរដ្ឋប៉ាឡេស្ទីន។ លោកនិយាយថា ប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ក្នុងទីក្រុង Jenin គឺជាការកើនឡើងដ៏គ្រោះថ្នាក់ មកលើពលរដ្ឋប៉ាឡេស្ទីន។
ក្រុមអ្នកតវ៉ា បានកាន់ទង់ជាតិប៉ាឡេស្ទីន និងបដានៃសាមគ្គីភាពជាមួយទីក្រុង Jenin។ ពួកគេបានស្រែកពាក្យអំពាវនាវឲ្យបញ្ចប់ប្រតិបត្តិការរបស់អ៊ីស្រាអែលមកលើជំរំនេះ។