
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍នៅថ្ងៃអង្គារ (៤ កក្កដា)នេះថា ភាគនិរតីនៃប្រទេសចិន បានទទួលរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំងដ៏គំហុក ដែលបង្កឲ្យមានទឹកជំនន់នៅក្នុងខេត្តស៊ីឈ័ន (Sichuan) និងទីក្រុងឆុងឈីង (Chongqing) ។
ទូរទស្សន៍ CCTV បានបង្ហាញវីដេអូនៃបុគ្គលិកជួយសង្គ្រោះដែលកំពុងជួយក្នុងការជម្លៀសអ្នកស្រុកនៅក្នុងសង្កាត់វ៉ានចូវ (Wanzhou) នៃទីក្រុង Chongqing នៅព្រឹកថ្ងៃអង្គារនេះ ខណៈទឹកជោរជន់ខ្លាំងបានបណ្ដាលឲ្យបាក់ច្រាំងទន្លេ និងជន់លិចផ្នែកខ្លះនៃយានយន្តនៅតាមដងផ្លូវ។ មិនទាន់មានរបាយការណ៍ពីគ្រោះថ្នាក់ដោយសារទឹកជំនន់នេះនោះទេ។
ទូរទស្សន៍ CCTV បានរាយការណ៍ថា នៅក្នុងទីក្រុងណានចុង Nanchong នៃខេត្តស៊ីឈ័ន ក្រុមអាជ្ញាធរក្នុងតំបន់បានផ្តួចផ្តើមប្រតិបត្តិការឆ្លើយតបគ្រាអាសន្នកម្រិត២ក្នុងការគ្រប់គ្រងទឹកជំនន់ ដែលជាកម្រិតខ្ពស់បំផុតទីពីរនៃប្រព័ន្ធឆ្លើយតបគ្រាអាសន្នក្នុងការគ្រប់គ្រងទឹកជំនន់ ដែលមាន៤កម្រិតរបស់ប្រទេសនេះ។ រូបភាពពីយានដ្រូនដែលថតដោយទូរទស្សន៍ CCTV បានបង្ហាញពីការជន់លិចពាសពេញផ្លូវក្នុងទីក្រុង។
ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសចិនបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងបន្តនៅតំបន់ខ្លះនៃតំបន់ម៉ុងហ្គោលីក្នុង ព្រមទាំងខេត្តហីឡុងជាំង (Heilongjiang), ជីលីន (Jilin), លាវនីង (Liaoning), យុនណាន (Yunnan), គ័ងស៊ី (Guangxi) និងខេត្តគួយចូវ (Guizhou)។ ទូរទស្សន៍ CCTV បានរាយការណ៍ថាគិតត្រឹមថ្ងៃច័ន្ទ (៣ កក្កដា) ទន្លេចំនួន ១៨៩ ខ្សែនៅទូទាំងប្រទេសមានទឹកជំនន់ដ៏ខ្លាំងក្លានៅរដូវក្តៅនេះ៕