
ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយថា កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយប្រទេសអូស្ត្រាលីលើអាគុយរថយន្តអគ្គិសនី គឺជាអាទិភាពមួយ បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយសមភាគីអូស្ត្រាលី នៅទីក្រុងស៊ីដនី នៅថ្ងៃអង្គារ (ទី៤ ខែកក្កដា)នេះ។
លោក Widodo និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បាននិយាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំមេដឹកនាំប្រចាំឆ្នាំ ដែលសេដ្ឋកិច្ចបៃតង និងសន្តិសុខ ក្នុងតំបន់ ត្រូវបានលើកយកមកពិភាក្សា ហើយលោកប្រធានាធិបតីឥណ្ឌូនេស៊ី ដែលស្ថិតក្នុងអាណត្តិទី២ និងចុងក្រោយ ក្នុងតំណែងរបស់លោក ចង់បង្កើតឧស្សាហកម្មផលិតអាគុយរថយន្តអគ្គិសនី នៅប្រទេសឥណ្ឌូនេស៊ី ដែលមានវត្ថុធាតុបម្រុងនីកែលដ៏ធំបំផុតរបស់ពិភពលោក។
លោក Albanese បានបន្ថែមថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី (KADIN) បានចុះហត្ថលេខាលើ «ផែនការសកម្មភាព» ជាមួយរដ្ឋអូស្ត្រាលីខាងលិច (Western Australia) លើខ្សែចង្វាក់ផ្គត់ផ្គង់រ៉ែដ៏សំខាន់ និងជំនាញកម្មករ។
កិច្ចប្រជុំរវាងមេដឹកនាំទាំង២ ត្រូវបានធ្វើឡើងនៅកំពង់ផែសួនសត្វ Taronga ដែលជាផ្នែកមួយនៃកម្មវិធីគ្រប់គ្រងអភិរក្ស ក្នុងតំបន់ សម្រាប់សត្វខ្លាពូជស៊ូម៉ាត្រា៕