
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានបើកការវាយប្រហារដោយយានដ្រូនលើទីក្រុងមូស្គូ ដោយបង្ខំឱ្យជើងហោះហើរត្រូវបង្វែរទិសដៅចេញពីអាកាសយានដ្ឋានអន្តរជាតិ Vnukovo ។ យានដ្រូនចំនួន៥គ្រឿង ត្រូវគេរាយការណ៍ថាបានប្រើប្រាស់ក្នុងការវាយប្រហារនៅថ្ងៃអង្គារនេះ ហើយក៏បានកំណត់គោលដៅលើទីតាំងនៅក្នុងតំបន់ធំទូលាយជុំវិញរដ្ឋធានីរបស់ប្រទេសរុស្ស៊ីមួយនេះផងដែរ។
ការរឹតបន្តឹងនៅអាកាសយានដ្ឋាន Vnukovo ដែលជាអាកាសយានដ្ឋានអន្តរជាតិមួយក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់ទីក្រុងមូស្គូ ឥឡូវនេះត្រូវបានដកចេញហើយ។ ជើងហោះហើរមកពីប្រទេសទួរគី អារ៉ាប់រួម និងអេហ្ស៊ីប ក៏ស្ថិតក្នុងចំណោមជើងហោះហើរប៉ះពាល់ទាំងនោះផងដែរ។
យោងតាមក្រសួងការពារជាតិ យានដ្រូនចំនួន ៤គ្រឿងដែលហោះហើរនៅក្នុងតំបន់មូស្គូ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស។ ហើយយានដ្រូនទី៥ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធអេឡិចត្រូនិច មុនពេលធ្លាក់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបាននិយាយថា យានដ្រូនមួយបានធ្លាក់នៅក្នុងទីក្រុង Kubinka ដែលមានចម្ងាយប្រហែល ៣៦គីឡូម៉ែត្រ (២២ម៉ាយ) ពីអាកាសយានដ្ឋាន Vnukovo នៅភាគនិរតីនៃទីក្រុង។ នេះមិនមែនជាការវាយប្រហារដោយយានដ្រូនលើកដំបូងដែលសំដៅលើទីក្រុងម៉ូស្គូនោះទេ។ កាលពីខែឧសភា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មានយានដ្រូនយ៉ាងហោចណាស់ប្រាំបីគ្រឿងបានបង្កការខូចខាតបន្តិចបន្តួចដល់ប្រទេសនេះ៕
