សៀមរាប ៖ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប បានប្រកាសថា បុរសអាយុ៣៦ឆ្នាំម្នាក់ បានស្លាប់ ដោយសារមានវិជ្ជមានកូវីដ១៩។
លោកវេជ្ជបណ្ឌិត បន្តថា បុរសវ័យ៣៦ឆ្នាំរូបនោះ ជាអ្នករស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយធ្វើដំណើរមកលេងផ្ទះមិត្តភក្តិនៅឯភូមិខ្នាត ស្រុកពួក ខេត្តសៀមរាប ដោយមានជំងឺមានជំងឺទឹកនោមប្រៃរ៉ាំរ៉ៃ បណ្តាលឲ្យហើមខ្លួន និងខូចតម្រងនោម ហើយ“អ្នកជំងឺប្រភេទហ្នឹង គាត់មានភាពស៊ាំចុះខ្សោយ” បានស្លាប់បាត់បង់ជីវិត នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ។
បើទោះបីជាយ៉ាងនេះក្តីលោកវេជ្ជបណ្ឌិមិនបានចាំកាលបរិច្ឆេទ ដែលអ្នកជំងឺរូបនេះ ចូលមកព្យាបាលនៅក្នុងមន្ទីរពេទ្យទេ ដោយលោកប្រាប់ថា អ្នកជំងឺរូបនេះ ត្រូវបានមិត្តភក្តិបញ្ជូនមកមន្ទីរពេទ្យយូរថ្ងៃមកហើយ ដោយសារជំងឺគាត់ធ្វើទុក្ខ។ លុះកំលុងពេលនៅសម្រាកព្យាបាល ក្រុមគ្រូពេទ្យមានការសង្ស័យក៏យកសំណាករបស់គាត់ធ្វើតេស្ត ក៏ឃើញមានវិជ្ជមានមេរោគកូវីដ១៩។
នេះជាការណីទី២ ហើយដែលអ្នកជំងឺកូវីដ១៩ បានស្លាប់នៅខេត្តសៀមរាប។ បើទោះបីជាយ៉ាងនេះក្តី ទាំងករណីទី១ និងករណីទី២នេះ ក្រុមគ្រូពេទ្យបានអះអាងថា ពួកគាត់មិនបានស្លាប់ដោយសារជំងឺកូវីដ ១៩ ទេ គឺស្លាប់ដោយសារជំងឺប្រចាំកាយរ៉ាំរ៉ៃ៕អត្ថបទ៖ សាវី