
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅថ្ងៃអង្គារ (ទី៤ ខែកក្កដា) នេះ បាននិយាយថា អង្គការសហប្រតិបត្តិការសៀងហៃ (SCO) គួរតែធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងមិនស្ទាក់ស្ទើរក្នុងការថ្កោលទោសប្រទេសដែលគាំទ្រភេរវកម្ម។
លើសពីនេះទៀត លោក Modi បានជំរុញឲ្យមេដឹកនាំនៃសម្ព័ន្ធភាពនយោបាយ និងសន្តិសុខអឺរុបអាស៊ី គាំទ្រក្រុងទីក្រុងកាប៊ុល ដោយផ្គត់ផ្គង់ជំនួយមនុស្សធម៌ និងប្រឹងប្រែងដើម្បីសុខុមាលភាពរបស់ប្រជាជនអាហ្វហ្គានីស្ថាន ហើយលោក Modi បានព្រមានមេដឹកនាំនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញថា ទឹកដីរបស់ប្រទេសអាហ្វហ្គានីស្ថាន មិនគួរត្រូវបានប្រើប្រាស់ ដើម្បីបំផ្លាញតំបន់ នៅជុំវិញនោះទេ។
កិច្ចប្រជុំកំពូលនេះ ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃអង្គារនេះ ហើយមេដឹកនាំជាច្រើនផ្សេងទៀត រួមទាំងប្រធានាធិបតីចិនលោក Xi Jinping ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ៕