
អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយនៅថ្ងៃអង្គារ (៤ កក្កដា)នេះថា សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅទូទាំងផ្នែកធំៗនៃពិភពលោក បន្ទាប់ពីបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ (El Nino) បានកើតឡើងនៅតំបន់ប៉ាស៊ីហ្វិកត្រូពិចជាលើកដំបូងក្នុងរយៈពេលប្រាំពីរឆ្នាំ។
បាតុភូត អ៊ែល នីញ៉ូ ដែលជាការឡើងកម្តៅសីតុណ្ហភាពផ្ទៃទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត និងកណ្តាល ត្រូវបានផ្សារភ្ជាប់ទៅនឹងលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងររាប់ចាប់ពីព្យុះស៊ីក្លូនត្រូពិច ភ្លៀងធ្លាក់ខ្លាំង រហូតដល់គ្រោះរាំងស្ងួតធ្ងន់ធ្ងរ។
សេចក្តីថ្លែងការណ៍ពីស្ថាប័នសកលលោក បានបញ្ជាក់ពីរបាយការណ៍មួយកាលពីខែមុនពីមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុរបស់រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិសហរដ្ឋអាមេរិកថា បាតុភូតនេះបានត្រលប់មកវិញហើយ។
ក្នុងអំឡុងបាតុភូត អ៊ែល នីញ៉ូ ខ្យល់បក់មកពីទិសខាងលិចតាមខ្សែអេក្វាទ័រថយចុះ ហើយទឹកក្តៅត្រូវបានរុញឡើងទៅទិសខាងកើត បង្កើតបានជាសីតុណ្ហភាពផ្ទៃមហាសមុទ្រកាន់តែក្តៅ។ បាតុភូតនេះកើតឡើងជាមធ្យមរៀងរាល់ ២ឆ្នាំទៅ ៧ឆ្នាំម្តង ហើយអាចមានរយៈពេលពី ៩ខែទៅ ១២ខែ នេះបើយោងតាមអង្គការ WMO ។
ជាធម្មតា បាតុភូតនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងកំណើនទឹកភ្លៀងនៅក្នុងភាគខាងត្បូងនៃអាមេរិកខាងត្បូង ភាគខាងត្បូងនៃសហរដ្ឋអាមេរិក តំបនញកអាហ្រ្វិក និងអាស៊ីកណ្តាល។ កាលពីមុន បាតុភូតនេះបានបង្កឱ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងប្រទេសអូស្ត្រាលី ឥណ្ឌូនេស៊ី ផ្នែកខ្លះនៃអាស៊ីខាងត្បូង អាមេរិកកណ្តាល និងភាគខាងជើងអាមេរិកខាងត្បូង៕