ឧត្តរមានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី៤កក្កដាម្សិលមិញនេះ បានបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងការងារនគរបាល សហគមន៍ ។
ក្នុងនោះដែរឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានផ្តាំផ្ញើរដល់មន្រ្តីនគរបាលប៉ុស្តិ៍ទាំងអស់នៅទូទាំងខេត្តឧត្តរមានជ័យ ដែលទទួលបានវគ្គបណ្តុះបណ្តាលត្រូវយកចំណេះ និងជំនាញទាំងអស់នេះមកបម្រើការងារជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ក្នុងការងារមូលដ្ឋានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ល្អ។
ឯកឧត្តម អភិបាលខេត្ត បានលើកឡើងទៀតថា វគ្គបណ្តុះបណ្តាលជូនដល់មន្រ្តីនគរបាលរដ្ឋបាលប៉ុស្តិ៍ដែលបានបិទបញ្ចប់នៅពេលនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មន្រ្តីនគរបាលប៉ុស្តិ៍គ្រប់រូប ក្នុងការយកចំណេះដឹង ដើម្បីអនុវត្តបម្រើការងារក្នុងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយកម្លាភាព និងប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តម បានបន្តថា គ្មានហេតុការណ៍ណាមួយបង្ករការកើតឡើងក្រៅពីក្នុងមូលដ្ឋានរបស់ខ្លួននោះទេដូច្នេះអស់លោកដែលជាអាជ្ញាធរ និងមន្រ្តីនគរបាលប៉ុស្តិ៍នៅតាមមូលដ្ឋានទាំងអស់ត្រូវចេះសហការសាមក្គីគ្នាឲ្យបានល្អប្រសើរ ក្នុងការផ្តល់ព័ត៌មានឲ្យគ្នានៅពេលមានបញ្ហាប្រឈមណាមួយបានកើតឡើងក្នុងមូលដ្ឋាន របស់បងប្អូនងាយស្រួលក្នុងការទំនាក់ទំនងបង្រ្កាបទប់ស្កាត់បានទាន់ពេលវេលាផងដែរ។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់ និងផ្តល់បណ្ណសរសើរដល់មន្រ្តីនគរបាលប៉ុស្តិ៍ដែលជាសិក្ខាកាមចំនួន៨៣នាក់ ក្នុងនោះស្រី១៩នាក់ ដែលបានបញ្ចប់វគ្គសិក្សារយៈពេលខ្លី៕






