អាមេរិក៖ សីតុណ្ហភាពជាមធ្យមរបស់ភពផែនដី បានឡើងដល់កម្រិតខ្ពស់ថ្មី នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ដោយកើនឡើងដល់ ១៧អង្សាសេជាលើកដំបូង ហើយក្រុមអ្នកស្រាវជ្រាវសហរដ្ឋអាមេរិក បាននិយាយថា ការឡើងកម្ដៅខ្ពស់ថ្មីនេះ គឺជាការឡើងខ្ពស់បំផុត នៅក្នុងឧបករណ៍វាស់សីតុណ្ហភាព ដែលមានតាំងពីចុងសតវត្សរ៍ទី ១៩។

ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ការរួមបញ្ចូលគ្នានៃព្រឹត្តិការណ៍អាកាសធាតុធម្មជាតិ ដែលគេស្គាល់ថា El Niño និងការបញ្ចេញកាបូនឌីអុកស៊ីតដែលកំពុងបន្តមានរបស់មនុស្សជាតិ កំពុងធ្វើឲ្យមានការឡើងកម្ដៅកាន់តែខ្ពស់។ កាលពីខែមុនក៏មានការបញ្ជាក់ផងដែរថា ជាខែមិថុនាជាខែក្តៅបំផុតរបស់ភពផែនដី។

ក្រុមអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍បរិស្ថានរបស់សហរដ្ឋអាមេរិក បាននិយាយថា សីតុណ្ហភាពជាមធ្យមរបស់ភពផែនដី បានឡើងដល់ ១៧,០១អង្សារសេ កាលពីថ្ងៃទី៣ ខែកក្កដា ដែលបំបែកកំណត់ត្រានៃការឡើងកម្ដៅកាលពីមុន ១៦,៩២អង្សាសេ ដែលធ្លាប់កើតមានតាំងពីខែសីហា ឆ្នាំ២០១៦។ ចាប់តាំងពីដើមឆ្នាំនេះ ក្រុមអ្នកស្រាវជ្រាវមានការបារម្ភពីការកើនឡើងសីតុណ្ហភាពនៅលើដីគោក និងនៅសមុទ្រ។
កម្ដៅនិទាឃរដូវខ្ពស់បំផុត នៅប្រទេសអេស្ប៉ាញ និងបណ្តាប្រទេសជាច្រើននៅអាស៊ី ត្រូវបានកើតមានដោយសាររលកកំដៅសមុទ្រ ដែលជាធម្មតាមិនធ្លាប់បានឃើញនោះឡើយ ដូចជានៅសមុទ្រខាងជើងជាដើម៕
