ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ការកាត់បន្ថយចរន្តប្រឆាំង ព្រមទាំងពង្រឹង និងពង្រីក ចរន្តគាំទ្រ គឺជាគោលដៅអាទិភាព របស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានានូវប្រៀបឈ្នះ របស់គណបក្សក្នុងរយៈពេលវែង ដែលការកាត់បន្ថយចរន្តប្រឆាំងនេះ គឺមិនសំដៅលើគណបក្សប្រឆាំងនោះទេ គឺ កាត់បន្ថយការមិនសប្បាយចិត្តពីសំណាក់ប្រជាពលរដ្ឋ ។
តាមរយៈវីដេអូឃ្លីប រយៈពេលជាងមួយនាទី ដែលត្រូវបានបង្ហោះលើឆាណែល Telegram និង Facebook នៅព្រឹកថ្ងៃទី៥ ខែកក្កដា នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកាត់បន្ថយចរន្ត ប្រឆាំង គឺសំដៅដល់ការកាត់បន្ថយការមិនសប្បាយចិត្តរបស់ប្រជាពលរដ្ឋ ដូច្នេះត្រូវពង្រីកនូវចរន្តគាំទ្រ តាមរយៈការរំលេចអ្វីដើម្បីពលរដ្ឋ ធ្វើឱ្យពលរដ្ឋមានភាពកក់ក្តៅក្នុងចិត្ត ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា បើគ្រប់គ្នាបង្កើតចរន្តគាំទ្រច្រើន ទាំងអស់គ្នា នឹង មានលំនឹង ដែលជាគោលដៅ និងជាអ្វីដែលត្រូវធ្វើ ដើម្បីសុខសន្តិភាព ស្ថិរភាព មិនថាអ្នកមានតួនាទី ឬ មិនមានតួនាទីទេ ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំប្រទេស រក្សាសន្តិភាពបាន រក្សាលំនឹង បានពលរដ្ឋនឹងបានសុខទាំងអស់គ្នា ៕អត្ថបទ៖ បាន ចក់
