តៃវ៉ាន់៖ បេក្ខជនមេដឹកនាំឈានមុខរបស់កោះតៃវ៉ាន់ លោក វីលៀមឡៃ (William Lai) បានសរសេរនៅក្នុងសារព័ត៌មាន Wall Street Journal នៅថ្ងៃពុធនេះ ថាលោកអាចនៅបន្តរក្សាសន្តិភាពជាមួយចិន ប្រសិនបើលោកត្រូវបានជ្រើសរើស ដោយបានបញ្ជាក់ជាថ្មីពីឆន្ទៈរបស់លោកសម្រាប់ការជជែកពិភាក្សាដោយគ្មានបុរេលក្ខខណ្ឌ និងសន្យាពង្រឹងវិស័យការពារជាតិ។

លោក Lai ដែលជាមេដឹកនាំលំដាប់ទី២របស់កោះតៃវ៉ាន់ និងជាបេក្ខជនសម្រាប់គណៈបក្សកាន់អំណាចប្រជាធិបតេយ្យជឿនលឿន បាននាំមុខក្នុងការស្ទង់មតិមុនការបោះឆ្នោត ដែលនឹងធ្វើឡើងនៅថ្ងៃទី១៣ខែមករាឆ្នាំ២០២៤ ។ មេដឹកនាំលោកស្រី សៃ-អ៊ីងវិន (Tsai Ing-wen) មិនអាចចូលរួមប្រកួតប្រជែងជាថ្មីទៀតបានទេ ក្រោយកាន់តំណែង២អាណត្តិរួចមក។
នៅក្នុងបទអត្ថាធិប្បាយមួយ លោក Lai បាននិយាយថា ទោះបីជាមានហានីភ័យផ្នែកយោធា និងសេដ្ឋកិច្ចពីប្រទេសចិនរួមទាំងសកម្មភាពឆ្មក់ចូលតាមដែនអាកាសស្ទើររាល់ថ្ងៃពីចិនជិតកោះនេះក៏ដោយ ចំណុចអាទិភាពជាច្រើនរបស់លោក នៅតែផ្ដោតលើគោលនយោបាយ ជោគជ័យ និងរក្សាស្ថិរភាព។

លោកបានបន្ថែមថា លោកនឹងគាំទ្រស្ថានភាពជាក់ស្ដែងទូទាំងសមុទ្រតៃវ៉ាន់ ដែលផ្ដល់ផលប្រយោជន៍ច្រើនបំផុតដល់ទាំងសាធារណរដ្ឋចិន ជាឈ្មោះជាផ្លូវការរបស់កោះតៃវ៉ាន់ទាំងសហគមន៍អន្តរជាតិ ។ លោកនឹងពុំច្រានចោលលទ្ធភាពនៃការសន្ទនា ដោយគ្មានបុរេលក្ខខណ្ឌ ដែលបានផ្អែកលើគោលនយោបាយនៃការផ្ដល់ការយោគយល់គ្នា និងគោរភាពថ្លៃថ្នូរទៅវិញទៅមក។
យោងតាមប្រភពការទូតមួយចំនួន គេរំពឹងថា លោក Lai នឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅខែក្រោយនេះ ដែលបេក្ខជនតំណែងមេដឹកនាំតែងធ្វើដើម្បីពិភាក្សាពីរបៀបវារៈគោលនយោបាយរបស់ខ្លួន៕