ចិន៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន លោក Wu Jianghao (អ៊ូ ជាំងហាវ) បានទទូចឲ្យទីក្រុងតូក្យូផ្អាកការបញ្ចេញទឹកមានសារធាតុពុលពីរោងចក្រ Fukushima ដែលត្រូវបានបំផ្លាញឲ្យរេលកយក្សស៊ូណាមិ ចូលទៅក្នុងមហាសមុទ្រភ្លាមៗនៅមុនការសម្រេចលើចំណាត់ការមួយដែលត្រូវបានគេរំពឹងមកពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ( IAEA)។

កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីការពិនិត្យឡើងវិញរយៈពេល២ឆ្នាំ ទីភ្នាក់ងារឃ្លាំមើលនុយក្លឹអ៊ែររបស់អង្គការសហប្រជាជាតិ បានផ្តល់ការអនុម័តដល់ប្រទេសជប៉ុន ដើម្បីបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តកម្មរួច ទោះបីជាមានការជំទាស់ខ្លាំងក្លាពីសំណាក់ប្រទេសចិននិងពលរដ្ឋនៅក្នុងតំបន់ក៏ដោយ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយថា រោងចក្រនេះ បានធ្វើស្របទៅតាម ស្តង់ដារសុវត្ថិភាពពិភពលោក។
រដ្ឋាភិបាលជប៉ុននៅតែអះអាងថា ដំណើរការគឺមានសុវត្ថិភាព ខណៈខ្លួនបានធ្វើប្រព្រឹត្តកម្មទឹករួចហើយ ដែលគ្រប់គ្រាន់ដើម្បីបំពេញអាងទឹកមានទំហំ ប៉ុនអាងទឹកអូឡាំពិកចំនួន៥០០ ដែលប្រើប្រាស់ដើម្បីធ្វើឲ្យត្រជាក់បង្គោលរោងចក្រ Fukushima បន្ទាប់ពីវាត្រូវបានបំផ្លាញដោយរញ្ជួយដី និងបណ្តាលមកពីរលកយក្សស៊ូណាមិ។ ទីក្រុងប៉េកាំង តាមរយៈ ស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន បាននិយាយថា អង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ មិនគួមានការអនុម័តឲ្យបញ្ចេញទឹកនេះទេ៕
