អ៊ីរ៉ង់៖ ទង់ជាតិរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបាបង្ហូត នៅបរិវេណលេខាធិការរដ្ឋានអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ ខណៈប្រទេសនេះក្លាយជាសមាជិកទី៩ របស់អង្គការនេះ។ អគ្គលេខាធិការអង្គការសកិច្ចសហប្រតិបត្តិការសៀងហៃ លោក Zhang Ming និងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសចិន លោក Mohsen Bakhtiar បានចូលរួមនៅក្នុងពិធី ប្រារព្ធការដាក់បញ្ចូលពេញសិទ្ធប្រទេសអ៊ីរ៉ង់ ទៅក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ។ សេចក្តីសម្រេចចាប់ផ្តើមដាក់បញ្ចូលប្រទេសអ៊ីរ៉ង់ ជាសមាជិកពេញសិទ្ធិ ត្រូវបានប្រកាសនៅឯកិច្ចប្រជុំលើកទី២១ របស់ក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងរដ្ឋធានី Dushanbe ( ឌូសានបេ)ប្រទេសតាហ្ស៊ីគីស្ថាន កាលពីខែកញ្ញា ឆ្នាំ២០២១។

តាមរយៈការចូលរួមយ៉ាងសកម្ម នៅក្នុងគំនិតផ្តួចផ្តើមដឹកនាំដោយអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ប្រទេសអ៊ីរ៉ង់ អាចទាញយកអត្ថប្រយោជន៍ភូមិសាស្ត្ររបស់ខ្លួនដើម្បីក្លាយជាមជ្ឈមណ្ឌលឆ្លងកាត់ដ៏សំខាន់ និងសម្របសម្រួលពាណិជ្ជកម្មរវាងភាគខាងកើតនិងខាងលិច។ ប្រទេសអ៊ីរ៉ង់ អាចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល ជំរុញពាណិជ្ជកម្មថាមពល និងពង្រឹងសន្តិសុខថាមពលនៅក្នុងតំបន់។ លើសពីនេះអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ មានតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយអំពើភេរវកម្ម និងភាពជ្រុលនិយម។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់ និងការចូលរួមរបស់ខ្លួននៅក្នុងអង្គារ SCO នេះពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅទីក្រុងស៊ាងហៃ ក្នុងឆ្នាំ ២០០១ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ បានពង្រីកពីអង្គការតំបន់ដែលមានសមាជិកចំនួន៦ ទៅជាអង្គការពិភពលោកដែលមានឥទ្ធិពលកើនឡើង។ នៅឆ្នាំ ២០១៧ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានចូលរួមជាសមាជិកពេញសិទ្ធិក្នុងអំឡុងពេលជុំដំបូងនៃការពង្រីករបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ៕

