ឥណ្ឌា៖ ការប៉ះទង្គិចគ្នានៅទីក្រុង Thoubal រដ្ឋ Manipur ប្រទេសឥណ្ឌា បានប្រែក្លាយជាហិង្សា ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងប្រមាណ១២នាក់ បានរងរបួស ដោយសារការបាញ់របស់នគរបាល នៅក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នា។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមបាតុករបានគប់ដុំថ្ម និងថែមទាំងបាញ់ចំពាមកៅស៊ូ ដែលបង្ខំឲ្យបុគ្គលិកសន្តិសុខ បើកការបាញ់ប្រហារ ដើម្បីគ្រប់គ្រងស្ថានការណ៍។ អ្នកស្លាប់ត្រូវបានគេកំណត់អត្តសញ្ញាណថា ឈ្មោះ Amuzham Ronaldo។ ហេតុការណ៍ហិង្សានេះ បានបង្កើនភាពតានតឹង នៅក្នុងតំបន់ ហើយស្ថានការណ៍ប្រែប្រួលកាន់តែខ្លាំងឡើងៗ។
ក្រោយការបាញ់ប្រហាររបស់នគរបាល ស្ថានការណ៍កាន់តែអាក្រក់ឡើងៗថែមទៀត រហូតឈានដល់ការដុតរថយន្តកងសន្តិសុខព្រំដែន Assam Rifles ( អាសាំ រ៉ៃហ្វល) ចំនួន៣គ្រឿង។ ការប៉ះទង្គិចនេះបានគូសបញ្ជាក់ពីការតម្រូវឲ្យមានវិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងស្តារសន្តិភាពក្នុងតំបន់ឡើងវិញ។

កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា រដ្ឋមន្ដ្រីប្រចាំរដ្ឋបេងហ្គាល់ខាងលិច (West Bengal) លោកស្រី Mamata Banerjee បាននិយាយថា រដ្ឋាភិបាលរបស់គណបក្ស Bharatiya Janata (BJP) នៅក្នុងរដ្ឋនេះបានធ្វើឲ្យសហគមន៍មានការប្រឆាំងគ្នាទៅវិញទៅមក រហូតនាំទៅរកការមានកុបកម្មដ៏គួរឲ្យខ្លាចនេះ។
លោកស្រីបានលើកឡើងថា៖ «យើងកំពុងមើលឃើញអំពើហិង្សាក្នុងរដ្ឋ Manipur ជាកន្លែងដែលមនុស្សមិនអាចចេញពីផ្ទះរបស់ខ្លួនបាន។ រដ្ឋាភិបាលរបស់គណបក្ស Bharatiya Janata បានធ្វើឲ្យសហគមន៍ ក្នុងរដ្ឋ Manipur ប្រឆាំងគ្នាទៅវិញទៅមក ដែលនាំឲ្យមានកុបកម្មទាំងនេះ»។
មនុស្សជាង ៨០នាក់ត្រូវបានសម្លាប់ គិតចាប់តាំងពីការប៉ះទង្គិចគ្នា រវាងជនជាតិភាគតិច បានផ្ទុះឡើង នៅក្នុងរដ្ឋ Manipur នេះ កាលពីថ្ងៃទី៣ ខែឧសភា៕
