អាមេរិក៖ សាចរព័ត៌មាន Washington Post បានរាយការណ៍ថា ម្សៅពណ៌ស ដែលត្រូវបានរកឃើញ នៅខាងក្នុងសេតវិមាន កាលពីល្ងាចថ្ងៃអាទិត្យ (ទី២ ខែកក្កដា) ដែលនាំទៅដល់ការបិទជាបណ្តោះអាសន្ននៃផ្នែកមួយនៃអគារប្រធានាធិបតីនោះ ត្រូវបាននាយកដ្ឋានពន្លត់អគ្គិភ័យក្រុងវ៉ាស៊ីនតោន កំណត់ថាជាកូកាអ៊ីន។

សេវាសម្ងាត់ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «វត្ថុដែលមិនស្គាល់នេះ» ត្រូវបានប្រទះឃើញ ដែលនាំឲ្យផ្នែកខ្លះនៃសេតវិមានត្រូវបានបិទ ប៉ុន្តែបានបញ្ជូនសំណួរផ្សេងទៀតទៅកាន់នាយកដ្ឋានពន្លត់អគ្គិភ័យ ដែលបដិសេធមិនធ្វើអត្ថាធិប្បាយ។
អ្នកនាំពាក្យសេវាកម្មសម្ងាត់បាននិយាយក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា៖ «នៅល្ងាចថ្ងៃអាទិត្យអគារសេតវិមាន បានឈានទៅដល់ការបិទដោយប្រុងប្រយ័ត្ន ខណៈមន្រ្តីមកពីផ្នែកឯកសណ្ឋាននៃសេវាកម្មសម្ងាត់ បានស៊ើបអង្កេតចំពោះវត្ថុមិនស្គាល់ប្រភព ដែលបានរកឃើញនៅក្នុងតំបន់កន្លែងធ្វើការ»។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា វត្ថុនេះត្រូវបានរកឃើញនៅការិយាល័យ West Wing។ នេះគឺជាតំបន់ជាប់នឹងវិមានប្រតិបត្តិ ដែលប្រធានាធិបតីស្នាក់នៅ និងរួមមានការិយាល័យរាងពងក្រពើ បន្ទប់គណៈរដ្ឋមន្ត្រី និងកន្លែងសារព័ត៌មាន រួមជាមួយការិយាល័យ និងកន្លែងធ្វើការសម្រាប់ទីប្រឹក្សាប្រធានាធិបតី៕
