ភ្នំពេញ៖ បណ្តាស្ត្រីមានផ្ទៃពោះដែលទទួលរបបគាំពារសង្គម បានថែ្លងអំណរគុណដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសមានការអភិវឌ្ឍ និងរីកចំរើន ហើយបានបង្កើនកម្រិតប្រាក់ឧបត្ថម្ភទ្វេដងដល់ស្ត្រីមានផ្ទៃពោះ ដែលជាកម្មការិនីបម្រើការតាមរោងចក្រមានបណ្ណ ប.ស.ស និងបន្តជួយឧបត្ថម្ភប្រាក់ថែទាំសុខភាពមាតាមុនពេលសម្រាល ក្រោយសម្រាល និងកុមាររហូតដល់អាយុ២ឆ្នាំ ។
តាមបណ្តាស្ត្រីមានផ្ទៃពោះ បម្រើការតាមរោងចក្រនានា នៅក្នុងក្រុងតាខ្មៅ នៃខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី៥ ខែកក្តដានេះថា បន្ទាប់ពីបានឃើញសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនកម្រិតប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិកជាស្ត្រី មន្ត្រីរាជការជាស្ត្រី និងស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កូន២ឆ្នាំនេះរួចហើយ ធ្វើឲ្យយើងទាំងអស់គ្នាមានសប្បាយរីករាយជាខ្លាំង ខណៈដែលរាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឧបត្ថម្ភទ្វេដងសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល និងបន្តឧបត្ថម្ភថែទាំសុខភាពមាតាក្រោយសម្រាលកូន និងយកកូនទៅចាក់ថ្នាំបង្ការរហូតដល់កូនអាយុឆ្នាំ២ឆ្នាំចំនួន១០ដង។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលនេះ បានឡើងបំណង បង្កើនការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីនៅក្នុងផ្ទៃម្តាយ រហូតដល់កូនអាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងទាំងបញ្ញាសា្មរតីកូនតូចក្នុងរយៈពេល ១០០០ថ្ងៃដំបូងនៃជីវិតរបស់គេ មានភាពល្អប្រសើរ ហើយការអនុវត្តការបង្កើនកម្រិតប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតជាស្ត្រី មន្ត្រីរាជការជាស្ត្រី និងស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កូន២ឆ្នាំនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះតទៅ៕
អត្ថបទ ស៊ុម សុខជា