រុស្ស៊ី៖ ក្រុមសេវាកម្មសង្រ្គោះបន្ទាន់រុស្ស៊ី បានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញក្រុមការងារព្យាយាមពន្លត់ភ្លើងឆេះព្រៃ នៅតាមតំបន់ជាច្រើននៅចុងបូព៌ា ប្រទេសរុស្ស៊ី ពេលដែលភ្លើងឆេះព្រៃកាន់តែឆាបឆេះធ្ងន់ធ្ងរឡើង ដោយសារតែរលកកម្តៅក្តៅខ្លាំង និងព្យុះផ្គររន្ទះ ។

គួរឲ្យដឹងថា ភ្លើងឆេះព្រៃ តែងតែកើតមានរាល់រដូវក្តៅនៅតំបន់ស៊ីបេរី និងតំបន់ចុងបូព៌ារបស់រុស្ស៊ី ហើយវាជាញឹកញាប់ ក្លាយជាការលំបាកមួយក្នុងការទៅដល់សម្រាប់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ដោយសារតែទំហំព្រៃធំធេងខ្លាំងពេក ។
ក្រុមអាជ្ញាធរនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ។
ប្រមុខសាធារណរដ្ឋ Sakhaដែលជាគេស្គាល់ថាជាតំបន់ Yakutia បានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា ភ្លើងឆេះព្រៃជាង ១១០កន្លែង បានឆាបឆេះទូទាំងតំបន់នៅលើផ្ទៃដីព្រៃ ៦១.០០០ហិចតា ពោលគឺស្មើនឹងទំហំ ៣ភាគ៤នៃទីក្រុងញ៉ូវយ៉ក របស់សហរដ្ឋអាមេរិក ៕
