ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៥ ខែកក្កដានេះ ជាថ្ងៃទី៥ដូចគ្នា នៃយុទ្ធនាឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧។
ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានបន្តចុះពន្យល់ណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋាន។
ក្នុងកម្មវិធីនាឱកាសនោះ ឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខ ព្រមទាំងតែងតែណែនាំដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់គិតគូរបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋឱ្យបានល្អ និងដោយស្មោះត្រង់។
ឯកឧត្តម បានអាន និងបកស្រាយពន្យល់ម្ដងមួយៗអំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ ព្រមទាំងបានធ្វើការណែនាំជូនអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងនូវសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋបានជ្រាប ជាពិសេសក្នុងមូលដ្ឋានស្រុកបាធាយផ្ទាល់ ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន អណ្ដូងទឹក ភ្លើងអគ្គិសនី រោងចក្រកសិដ្ឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។
ឯកឧត្តម បានអំពាវនាវឲ្យពលរដ្ឋ និងសមាជិក សមាជិកាទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាកុំបីខាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។
លើសពីនេះ សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕




