
តូក្យូ៖ រដ្ឋាភិបាលជប៉ុនកំពុងត្រៀមចាប់ផ្តើមបញ្ចេញសំណល់ទឹកវិទ្យុសកម្មដែលត្រូវបានធ្វើប្រព្រឹត្តិកម្មរួចចេញពីរោងចក្រនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដៃអិឈី ដែលរងការខូតខាតនៅដើមខែសីហានេះ បន្ទាប់ពីទទួលបានការយល់ព្រមពីអង្គភាពឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) កាលពីថ្ងៃអង្គារ (ទី៤ ខែកក្កដា) បាននិយាយដោយបានបង្ហាញពីផែនការត្រួតពិនិត្យរយៈពេលពីរឆ្នាំថា នៅក្នុងដំណើរការបញ្ចេញសំណល់ទឹករបស់រោងចក្រថាមពលដែលបានបំផ្លាញដោយសារការរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១នោះគឺ ស្របតាមស្តង់ដារសុវត្ថិភាពសកល។
ប្រទេសជិតខាងមួយចំនួនក៏បានលើកឡើងពីកង្វល់លើការគំរាមកំហែងដល់បរិស្ថានផងដែរ ដោយទីក្រុងប៉េកាំងបានចេញមុខជាអ្នករិះគន់ដ៏ធំបំផុត។
ប្រទេសជប៉ុនបាននិយាយថា សំណល់ទឹកត្រូវបានធ្វើប្រព្រឹត្តិកម្មដើម្បីយកធាតុវិទ្យុសកម្មភាគច្រើនចេញ លើកលែងតែសារធាតុទ្រីទីញ៉ូម (tritium) ដែលជាអ៊ីសូតូបអ៊ីដ្រូសែនពិបាកបំបែកចេញពីទឹក។ ទឹកដែលត្រូវបានធ្វើប្រព្រិត្តកម្មរួចនឹងត្រូវចម្រោះឱ្យបានល្អនៅក្រោមកម្រិតសារធាតុទ្រីទីញ៉ូម (tritium) ដែលបានអនុម័តជាអន្តរជាតិ មុនពេលត្រូវបានបញ្ចេញទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក៕