
ការស៊ើបអង្កេតផ្លូវការមួយបានរកឃើញថា កម្មករជួសជុលរបាំងផ្លូវដែកនៅក្នុងប្រទេសឥណ្ឌាបានធ្វើឱ្យមានកំហុសក្នុងការតភ្ជាប់ប្រព័ន្ធផ្តល់សញ្ញាស្វ័យប្រវត្តិនៅលើបណ្តាញដែលនាំឱ្យមានគ្រោះមហន្តរាយផ្លូវដែកដ៏អាក្រក់បំផុតរបស់ប្រទេសនេះក្នុងរយៈពេលពីរទសវត្សរ៍នេះ។
នៅក្នុងរបាយការណ៍ស៊ើបអង្កេតនោះបង្ហាញថា ក្រុមអ្នកស៊ើបអង្កេតរបស់គណៈកម្មការសុវត្ថិភាពផ្លូវដែក (CRS)បាននិយាយថា ហេតុការណ៍បុកគ្នាដំបូងបានកើតឡើងដោយសារតែការកែប្រែដែលបានធ្វើទៅលើសៀគ្វីសញ្ញា ដើម្បីដោះស្រាយបញ្ហាជាញឹកញាប់នៅរបាំងផ្លូវដែកក្បែរនោះ។
បុគ្គលិកផ្លូវដែកក្នុងស្រុកមិនមានដ្យាក្រាមសៀគ្វីស្ដង់ដារ ដែលជាហេតុនាំឱ្យមានការភ្ជាប់ខុសនៅក្នុងប្រព័ន្ធផ្តល់សញ្ញានៅពេលពួកគេព្យាយាមកាត់ផ្តាច់តំណភ្ជាប់របាំងផ្លូវ សម្រាប់ជួសជុល។ ប្រព័ន្ធដំណើរការខុសប្រក្រតីបានបណ្ដាលឲ្យរថភ្លើងដឹកអ្នកដំណើរប្ដូរទិសដៅទៅកាន់ផ្លូវរថភ្លើងដឹកទំនិញ ដែលបណ្ដាលឲ្យមានឧបទ្ទវហេតុបុកគ្នាកើតឡើង។
របាយការណ៍ស៊ើបអង្កេតរបស់គណៈកម្មការ CRS បាននិយាយថា មានការយឺតយ៉ាវក្នុងកម្រិតជាច្រើននៅផ្នែកផ្តល់សញ្ញា និងទូរគមនាគមន៍ ហើយនីតិវិធីប្រតិបត្តិការស្តង់ដារមិនត្រូវបានអនុវត្តតាមក្នុងអំឡុងពេលការងារជួសជុលនោះទេ៕