
យ៉ាងហោចណាស់មានជនជាតិអ៊ីស្រាអែល ប្រាំបីនាក់ បានរងរបួសកាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារដោយបើករថយន្តបំបុក និងដេញចាក់នៅក្នុងទីក្រុងឆ្នេរសមុទ្រ Tel Aviv របស់ប្រទេសអ៊ីស្រាអែល មុនពេលអ្នកវាយប្រហារត្រូវបានបាញ់សម្លាប់។ ការវាយប្រហារបានកើតឡើងនៅលើផ្លូវធំនៃតំបន់ Neot Afeka នៅភាគខាងជើងទីក្រុង Tel Aviv ជាទីដែលជនដៃដល់បើករថយន្តរបស់ខ្លួនចូលមក។
មេបញ្ជាការតំបន់របស់ទីក្រុង Tel Aviv លោក Ami Eshed បានប្រាប់អ្នកយកព័ត៌មានថា រថយន្តនោះបានបើកសំដៅទៅស្ថានីយ៍រថយន្តក្រុង ដោយបានបុកអ្នកថ្មើរជើងមួយក្រុម។ លោក Eshed បាននិយាយថា បន្ទាប់មកអ្នកបើកបរបានលោតចេញពីរថយន្ត ហើយចាប់ផ្តើមចាក់មនុស្សនៅជុំវិញគេ ដោយបន្ថែមថា អ្នកបើកបរនោះត្រូវបានបាញ់សម្លាប់ដោយជនស៊ីវិលជិះម៉ូតូម្នាក់ដែលនៅក្នុងតំបន់កើតហេតុនោះផងដែរ។
ជនដៃដល់ត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Hasin Halila វ័យ២៣ឆ្នាំ មកពីទីប្រជុំជន As-Samu ក្នុងទីក្រុង Hebron ភាគខាងត្បូងទឺកដីតំបន់ West Bank ។
ក្រុម Hamas ដែលជាក្រុមប្រដាប់អាវុធ និងចលនាប៉ាឡេស្ទីន បានលើកពីការវាយប្រហារនោះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា វាគឺជាការឆ្លើយតបដំបូងចំពោះឧក្រិដ្ឋកម្មនៃការកាន់កាប់នៅទីក្រុង Jenin ជាទីដែលកងទ័ពរាប់រយនាក់និងយានដ្រូន បានបើកការវាយឆ្មក់ដ៏ធំបំផុតក្នុងរយៈពេលជិតពីរទសវត្សរ៍។
ចាប់តាំងពីប្រតិបត្តិការវាយឆ្មក់នោះបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ទាហានអ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។ មនុស្សរាប់ពាន់នាក់ផ្សេងទៀតបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដោយសារតែការវាយឆ្មក់របស់អ៊ីស្រាអែល៕