
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហ័រ (Xinhua) បានរាយការណ៍នៅថ្ងៃពុធ (៥ កក្កដា)នេះ ដោយសំអាងដល់សម្តីក្រុមអាជ្ញាធរក្នុងតំបន់ថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់ និងមនុស្ស ៤នាក់ទៀត កំពុងបាត់ខ្លួននៅក្នុងទីក្រុងឆុងឈីង (Chongqing) ភាគនិរតីនៃប្រទេសចិន។
ការស្លាប់ត្រូវបានកត់ត្រាចាប់តាំងពីថ្ងៃចន្ទមក ខណៈភ្លៀងធ្លាក់ខ្លាំងបានវាយលុកភាគនិរតីនៃប្រទេសចិន ដែលជំរុញឱ្យស្រុកចំនួនបួនក្នុងទីក្រុងឆុងឈីង ចេញការព្រមានកម្រិតក្រហមខ្ពស់បំផុត។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិនក៏បានបង្កើនកម្រិតគ្រាអាសន្នរបស់ខ្លួនផងដែរ។
ខេត្តស៊ីឈ័ន (Sichuan) ដែលនៅជិតខាងនោះក៏រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរផងដែរ ដោយមានអ្នកស្រុកជាង ៤៦០.០០០នាក់បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនេះ ប៉ុន្តែមិនទាន់មានរបាយការណ៍បញ្ជាក់ថាមានអ្នកស្លាប់ទេមកទល់ពេលនេះ នេះបើយោងតាមរដ្ឋាភិបាលខេត្ត។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃអង្គារថា អ្នកស្រុកស៊ីឈ័នជាង ៨៥.០០០នាក់ត្រូវបានផ្លាស់ទីលំនៅ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា យ៉ាងហោចណាស់មានក្រុមសង្គ្រោះបន្ទាន់ចំនួន ៤០០នាក់ ត្រូវបានបញ្ជូនទៅដើម្បីជួយដល់ប្រតិបត្តិការសង្គ្រោះ និងសម្រាលបន្ទុកគ្រោះថ្នាក់នៅក្នុងតំបន់នេះ។ ទឹកជំនន់បានកើតឡើងនៅពេលដែលផ្នែកផ្សេងទៀតនៃប្រទេសចិនកំពុងប្រយុទ្ធនឹងរលកកំដៅខ្លាំងនៃអាកាសធាតុដ៏ធ្ងន់ធ្ងរ និងមិនអាចប៉ាន់ប្រមាណទុកជាមុនបាន ដែលអ្នកជំនាញនិយាយថាជាសញ្ញាផលប៉ះពាល់នៃវិបត្តិអាកាសធាតុ៕