យោធាប្រទេសកូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានស្រង់យកបំណែកផ្កាយរណបចារកម្មរបស់ប្រទេសកូរ៉េខាងជើងដែលបានបាញ់មិនទទួលជោគជ័យចេញពីសមុទ្រ ហើយបានសន្និដ្ឋានថាឧបករណ៍នេះពុំមែនជាឧបករណ៍ប្រើប្រាស់ផ្នែកយោធានោះទេ។
ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះផ្កាយរណបកាលពីថ្ងៃទី ៣១ ខែឧសភា ប៉ុន្តែក្រោយមកបានប្រកាសថា រ៉ុក្កែតដែលបានប្រើ ដើម្បីបញ្ជូនឧបករណ៍នេះ មាន បញ្ហាម៉ាស៊ីន ហើយបានធ្លាក់ជាមួយផ្កាយរណបចូលទៅក្នុងសមុទ្រលឿង។ យោធាប្រទេសកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានបញ្ចប់ប្រតិបត្តិការស្វែងរក និងសង្គ្រោះរបស់ខ្លួន បន្ទាប់ពីថ្មីៗនេះបានស្រង់យកបំណែកសំខាន់ៗនៃផ្កាយរណបចេញពីដែនទឹកនៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេស។ កាលពីខែមុន ប្រទេសកូរ៉េខាងត្បូងក៏បានរកឃើញបំណែកនៃគ្រាប់រ៉ុក្កែតផងដែរ។
ក្រុមមន្ត្រីបាននិយាយថា ការវិភាគដោយអ្នកជំនាញប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានរកឃើញថា ផ្កាយរណបនេះពុំមែនជាឧបករណ៍ប្រើប្រាស់ផ្នែកយោធានោះពុំមែនជាផ្កាយរណបឈ្លបយកការណ៍នោះទេ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ថា បំណែកនោះទំនងជាមានកាមេរ៉ា។ ប្រទេសកូរ៉េខាងជើង បាននិយាយថាខ្លួននឹងរៀបចំជាលើកទីពីរដើម្បីបាញ់បង្ហោះផ្កាយរណបចារកម្មនៅពេលឆាប់ៗនេះ។ ទីក្រុងព្យុងយ៉ាង បានបង្ហើបឲ្យដឹងផងដែរថា ប្រទេសនេះ នឹងដាក់ផ្កាយរណបច្រើនជាងមួយចូលទៅក្នុងគន្លងតារាវិថី។ យោធាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់។