យោងតាមការអះអាងរបស់ក្រុមអ្នកផលិតវា បានឲ្យដឹងថា យានដ្រូន FireDrone ដែលអាចហោះចូលក្នុងអគ្គិភ័យបាន នឹងអាចជួយកំណត់ទីតាំងនរណាម្នាក់នៅក្នុងអគារដែលកំពុងឆាបឆេះ ឬជួយពន្លត់ភ្លើងឆេះព្រៃបាន ។
គំរូដើមយានដ្រូន FireDrone ត្រូវបានគេចាប់អារម្មណ៍ដោយសារមានអគ្គិភ័យឆាបឆេះប៉មអគារ Grenfell Tower ស្ថិតក្នុងទីក្រុងឡូងដ្រ៍ កាលពីឆ្នាំ ២០១៧ ដែលបានសម្លាប់មនុស្ស ៧២នាក់ ។
លោកសាស្រ្តាចារ្យ Mirko Kovac គឺជាប្រធានមន្ទីរពិសោធន៍រូបយន្តលើអាកាសនៅមហាវិទ្យាល័យចក្រពត្តិក្រុងឡងដ្រ៍ និងជាប្រធានមន្ទីរពិសោធន៍និរន្តរភាពរូបយន្តនៅសាលា Empaដែលជាសាលាពិសោធន៍ វិទ្យាសាស្ត្រ សម្ភារៈ និងបច្ចេកវិទ្យាសហព័ន្ធស្វីស បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកធ្លាប់រស់នៅជិតប៉មអគារ Grenfell Tower និងធ្លាប់ជិះកាត់ពេលទៅធ្វើការនៅទីក្រុងឡុងដ្រ៍ ។ វាគឺជារឿងគួរឲ្យរន្ធត់ខ្លាំងណាស់ ពេលឃើញហេតុការណ៍អគ្គិភ័យនេះ ហើយមានមនុស្សច្រើនណាស់សួរលោកថាតើលោកមានយានដ្រូនដែលអាចហោះក្នុងអគ្គិភ័យដែរឬទេ ហើយលោកប្រាប់ទៅវិញថា លោកអត់ទាន់មាននោះទេ ។
លោកបន្តថា ចាប់តាំងពីពេលនោះមក ក្រុមការងាររបស់លោកបានផលិតយានដ្រូន FireDroneដែលអាចហោះចូលក្នុងអគ្គិភ័យបាន ដើម្បីវាយតម្លៃគ្រោះថ្នាក់ និងផ្តល់ទិន្នន័យទទួលបានផ្ទាល់ដ៏ចាំបាច់ ពីតំបន់គ្រោះថ្នាក់ ដល់ក្រុមអ្នកឆ្លើយតបដំបូង ។
លោក Kovac បញ្ជាក់ទៀតថា បើសិនជាមានអគ្គិភ័យកើតឡើង សំនួរដំបូង តើមាននរណាម្នាក់នៅខាងក្នុងដែរឬទេ? តើសំណង់អគារមានទ្រង់ទ្រាយបែបណា? ហើយកន្លែងណាជាប្រភពដើមនៃអគ្គិភ័យ ឬប្រភពដើមនៃកម្តៅ? ៕