
អង្គការឧតុនិយមពិភពលោក (WMO) បានព្រមានកាលពីថ្ងៃអង្គារថាស្ថានភាពធ្ងន់ធ្ងរនៃបាតុភូត អ៊ែល នីញ៉ូ (El Nino) បានវិវឌ្ឍន៍នៅតំបន់ប៉ាស៊ីហ្វិកត្រូពិចជាលើកដំបូងក្នុងរយៈពេលប្រាំពីរឆ្នាំ ដោយបង្កើនលទ្ធភាពនៃកំដៅកាន់តែខ្លាំង និងកំណត់ត្រាសីតុណ្ហភាពខ្ពស់ថ្មីក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
លោក Wilfran Moufouma Okia ប្រធានអង្គការ WMO នៃសេវាព្យាករណ៍អាកាសធាតុប្រចាំតំបន់ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា បាតុភូត អ៊ែល នីញ៉ូ ដែលបណ្តាលឱ្យមានការកើនឡើងនៃសីតុណ្ហភាពពិភពលោកនឹងបន្តកើតមានពេញមួយឆ្នាំ២០២៣នេះ ហើយត្រូវបាន "រំពឹងថានឹងមានកម្លាំងកម្រិតមធ្យម"។
បាតុភូត អ៊ែល នីញ៉ូ គឺជាបាតុភូតធម្មជាតិ និងជាកត្តាជំរុញដ៏សំខាន់មួយនៃប្រព័ន្ធអាកាសធាតុរបស់ផែនដី។ ការចាប់ផ្តើមរបស់បាតុភូតនេះកើតឡើងបន្ទាប់ពីបាតុភូត ឡា នីញ៉ា (La Nina) រយៈពេល៣ឆ្នាំដែលត្រូវបានផ្សារភ្ជាប់ទៅនឹងភាពត្រជាក់នៃមហាសមុទ្រ។
ចាប់តាំងពីខែមិថុនាឆ្នាំនេះ សីតុណ្ហភាពទឹកសមុទ្រនៅតំបន់ប៉ាស៊ីហ្វិកកណ្តាល និងខាងកើតអេក្វាទ័របានកើនឡើងយ៉ាងខ្លាំង ដែលនាំឱ្យមានព្រឹត្តិការណ៍បាតុភូត អ៊ែល នីញ៉ូ នាពេលបច្ចុប្បន្ន។ អង្គការ WMO បានព្រមានថា ឥទ្ធិពលនៃបាតុភូត អ៊ែល នីញ៉ូ លើសីតុណ្ហភាពសកល ជាធម្មតាត្រូវបានប្រកាសច្បាស់បំផុតនៅក្នុងឆ្នាំបន្ទាប់ពីការចាប់ផ្តើមរបស់វា មានន័យថាឆ្នាំ២០២៤នឹងជាឆ្នាំដែលត្រូវមើលឃើញពីភាពធ្ងន់ធ្ងរពិតប្រាកដរបស់បាតុភូតនេះ៕