
ការធ្វើដំណើរលើកដំបូងរបស់រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen ទៅកាន់ប្រទេសចិន នឹងផ្តោតលើការស្តារឡើងវិញនូវទំនាក់ទំនង រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ របស់ពិភពលោក ដោយសារទំនាក់ទំនងយោធា នៅតែជាប់គាំង ហើយការរឹតបន្តឹងថ្មីរបស់ទីក្រុងប៉េកាំងលើការនាំចេញលោហធាតុមួយចំនួន បង្កឲ្យមានភាពតានតឹងថ្មី។
មន្ត្រីសហរដ្ឋអាមេរិកនិយាយថា ពួកគេរំពឹងនឹងមានការពិភាក្សា «ដោយស្មោះត្រង់» អំឡុងដំណើរទស្សនកិច្ចរបស់លោកស្រី Yellen ពីថ្ងៃទី ៦-៩ ខែកក្កដា បន្ទាប់ពីការប្រកាសភ្លាមៗរបស់ទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ (ទី៣ ខែកក្កដា) អំពីការគ្រប់គ្រងលើការនាំចេញផលិតផលហ្គាលីយ៉ូម និងស៊ែម៉ានីញ៉ូមមួយចំនួន ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងឧបករណ៍អេឡិចត្រូនិក ក៏ដូចជាច្បាប់ប្រឆាំងចារកម្មថ្មី ដែលត្រូវបានគេមើលឃើញថា ជាការបង្កគ្រោះថ្នាក់ដ៏មានសក្ដានុពលដល់ក្រុមហ៊ុនអាមេរិក។
មន្ត្រីអាមេរិកបាននិយាយថា គេមិនរំពឹងថា នឹងមានការបំបែកភាពទាល់ច្រកណាមួយនោះឡើយ ប៉ុន្តែលោកស្រី Yellen នឹងជំរុញឲ្យមានការបើកបន្ទាត់ទំនាក់ទំនង និងការសម្របសម្រួលថ្មីលើបញ្ហាសេដ្ឋកិច្ច ហើយសង្កត់ធ្ងន់ពីផលវិបាកនៃការផ្គត់ផ្គង់ជំនួយដ៏ធំដល់ប្រទេសរុស្ស៊ី។
ការធ្វើដំណើរដែលត្រូវបានទន្ទឹងរង់ចាំមកជាយូររបស់លោកស្រី Yellen ធ្វើឡើងបន្ទាប់ពីលោករដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ដែលនៅទីនោះលោកបានយល់ព្រមជាមួយប្រធានាធិបតីចិនលោក Xi Jinping ថា ការប្រកួតប្រជែងរបស់ប្រទេសទាំង២ មិនគួរប្រែក្លាយទៅជាជម្លោះ ហើយចំពេលមានការជាប់គាំងក្នុងទំនាក់ទំនងយោធា រវាងប្រទេសទាំង២។
យ៉ាងណាក្ដី ទាំងដំណើរទស្សនកិច្ចរបស់លោក Blinken ទាំងលោកស្រី Yellen ត្រូវបានមើលឃើញថា មានសារៈសំខាន់ ក្នុងការធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើងរវាងប្រទេសទាំង២ បន្ទាប់ពីយោធាសហរដ្ឋអាមេរិក បានបាញ់ទម្លាក់បាឡុងចារកម្មចិន ដែលហោះលើទឹកដីអាមេរិក ហើយមុនពេលកិច្ចប្រជុំដែលអាចកើតមាន រវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងលោក Xi ក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា៕