ភ្នំពេញ ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៣នេះ បានប្រកាសថា ស្ថានភាពទូទៅថ្ងៃទី៥ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា គណបក្សនយោបាយដែលធ្វើការឃោសនាបោះឆ្នោតនៅថ្ងៃទីប្រាំនេះ បានធ្វើសកម្មភាពចាក់មេក ផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងបដានៅទីសាធារណៈ និងជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស។
ចំពោះការឃោសនា ក្នុងរូបភាពជួបប្រជុំនេះដែរ មានតែគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើសកម្មភាពនៅស្ទើរត គ្រប់មណ្ឌលបោះឆ្នោត ហើយគណបក្សនយោបាយនេះបានធ្វើសកម្មភាពចាក់បញ្ចាំងស្លាយ (Slide) វីដេអូ ប្រគំតន្ត្រី និងសម្ដែងសិល្បៈនៅតាមមណ្ឌលបោះឆ្នោតមួយចំនួនផងដែរ។
ដោយឡែក គណបក្សនយោបាយ ចំនួន ២ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោត គឺគណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តសៀមរាប និងមណ្ឌលខេត្តកំពង់ចាម និងគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង។
គ.ជ.ប បញ្ជាក់ជារួមថា ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃ ទីប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហឹង្សា។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣»៕ ដោយ ៖ វ៉ន ដារ៉ា




