
មន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង និយាយនៅថ្ងៃពុធនេះថា ទីក្រុងសេអ៊ូល នឹងឆ្លើយតបឲ្យបានឆាប់រហ័សតាមដែល អាចធ្វើទៅបាន ក្រោយទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ(UN)ឯកភាពលើផែនការរបស់ជប៉ុន បញ្ចេញទឹកវិទ្យុសកម្មត្រូវបានបន្សាបចេញពីរោងចក្រនុយក្លេអ៊ែរ Fukushimaដែលរងការបំផ្លិចបំផ្លាញដោយសាររលកយក្សស៊ូណាមិ ចូលទៅក្នុងមហាសមុទ្រ
ក្រោយការត្រួតពិនិត្យអស់រយៈពេល ២ឆ្នាំ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បាននិយាយថា ផែនការរបស់ជប៉ុន ប្រកបដោយស្តង់ដារសុវត្ថិភាពសកល ហើយវានឹងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះដល់មនុស្ស និងបរិស្ថាន ។
លោក Park Ku-yeon គឺជាអនុធានការិយាល័យសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលកូរ៉េខាងត្បូង និយាយថា ប្រទេសរបស់លោកគោរពការរកឃើញដោយទីភ្នាក់ងារ IAEA ព្រោះថាទីភ្នាក់ងារនេះត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ។
លោកបន្តថា ទីក្រុងសេអ៊ូល នឹងផ្តល់ការវាយតម្លៃលើការត្រួតពិនិត្យរបស់ IAEA ជុំវិញផែនការបញ្ចេញទឹកកាកសំណល់របស់ជប៉ុន ពេលដែលពួកគេប្រកាសការពិនិត្យមើលផ្ទាល់ខ្លួនរបស់ពួកគេរួច ។
គួរឲ្យដឹងថា ប្រធានទីភ្នាក់ងារ IAEA លោក Rafael Grossi ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសជប៉ុន គ្រោងនឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ខែកក្កដាខាងមុខនេះ ដើម្បីពន្យល់ពីការរកឃើញដោយអង្គការរបស់លោក លើផែនការបញ្ចេញទឹកកាកសំណល់របស់ជប៉ុន ៕
