មីយ៉ាន់ម៉ា៖ ក្រុមអ្នកតវ៉ានៅក្នុងសហភាពមីយ៉ាន់ម៉ា ដែលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាបានវិលត្រឡប់មកធ្វើបាតុកម្មវិញភ្លាមៗ នៅតាមដងផ្លូវនៃទីក្រុងយ៉ាងហ្គោន។ ពួកគេបានរៀបចំបាតុកម្មមានមនុស្សចូលរួមយ៉ាងច្រើន ដោយធ្វើការប្រមូលផ្ដុំគ្នាយ៉ាងលឿននៅតំបន់ Ahlone នៃទីក្រុង និងបានលើកម្រាមដៃបីជាសញ្ញាគាំទ្រលទ្ធិប្រជាធិបតេយ្យ។

អ្នកឈរមើលបានសាទរក្រុមយុវជនភាគច្រើន នៅពេលពួកគេស្រែកពាក្យគាំទ្រលទ្ធិប្រជាធិបតេយ្យ និងបិទបដា ដែលជួយជំរុញដល់កម្លាំងនៃចលនាបាតុកម្ម នៅតាមទីប្រជុំជនផ្សេងៗគ្នាក្នុងទីក្រុងយ៉ាងហ្គោន។ បន្ទាប់មកក្រុមអ្នកតវ៉ាបានបំបែកគ្នាយ៉ាងលឿន។ ល្បឿននៃព្រឹត្តិការណ៍ដែលមានរយៈពេលតែប៉ុន្មាននាទី គឺជាយុទ្ធសាស្ត្រដើម្បីកាត់បន្ថយឱកាសនៃការប្រឈមមុខដ៏ឃោរឃៅ ជាមួយកម្លាំងសន្តិសុខ។ សមាគមជំនួយឯករាជ្យសម្រាប់អ្នកទោសនយោបាយបានឲ្យដឹងថា មនុស្សចំនួន ៧៨៥នាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខ ចាប់តាំងពីរបបយោធាបានកាន់កាប់អំណាចនៅដើមខែកុម្ភៈ។ ប៉ុន្តែរបបយោធាបានដាក់តួលេខនៃអ្នកស្លាប់តិចជាងនេះ៕
អត្ថបទ៖ ប៊ុនថន