
សាលារៀនជាច្រើនបានបើកដំណើរការឡើងវិញនៅក្នុងរដ្ឋម៉ានីពួរ (Manipur) ភាគឦសាននៃប្រទេសឥណ្ឌានៅថ្ងៃពុធ (៥ កក្កដា)នេះ បន្ទាប់ពីត្រូវបានបិទអស់រយៈពេលពីរខែដោយសារតែការប៉ះទង្គិចរវាងក្រុមជនជាតិភាគតិច។
ប្រមុខរដ្ឋាភិបាលរដ្ឋម៉ានីពួរលោក N. Biren Singh បានប្រកាសកាលពីថ្ងៃចន្ទ (០១ កក្កដា) ពីការបើកសាលារៀនឡើងវិញ បន្ទាប់ពីស្ថាប័នអប់រំត្រូវបានបិទសម្រាប់វិស្សមកាលរដូវក្តៅរហូតដល់ថ្ងៃទី ៣០ ខែឧសភាមុននេះ ហើយក្រោយមកការបើកត្រូវបានពន្យារពេលរហូតដល់ខែកក្កដា។
សិស្សានុសិស្សនៅទីក្រុង Imphal នៃរដ្ឋនេះ មានសេចក្តីសោមនស្សរីករាយក្នុងការត្រឡប់ទៅថ្នាក់រៀនរបស់ពួកគេវិញ ដោយសារពួកគេខកខានការសិក្សាយ៉ាងច្រើន។
អំពើហឹង្សារវាងសមាជិកនៃក្រុមជនជាតិភាគតិចគូគី (Kuki) ដែលភាគច្រើនរស់នៅលើភ្នំ និងក្រុមជនជាតិភាគតិចមីតី (Meiteis) ដែលជាសហគមន៍លេចធ្លោនៅតំបន់ទំនាបបានផ្ទុះឡើងកាលពីថ្ងៃទី ៣ ឧសភា ដោយសារការអាក់អន់ចិត្តចំពោះផលប្រយោជន៍សេដ្ឋកិច្ច និងកូតាក្នុងការងាររដ្ឋាភិបាល ព្រមទាំងការអប់រំដែលបម្រុងទុកសម្រាប់ប្រជាជននៅលើភ្នំ៕