អ៊ីស្រាអែល៖ ក្រុមអ្នកតវ៉ារាប់ពាន់នាក់កាលពីថ្ងៃពុធបានបិទផ្លូវហាយវ៉េដ៏សំខាន់របស់ទីក្រុង តេល អាវីវ (Tel Aviv) ផ្លូវសំខាន់ៗ និងផ្លូវប្រសព្វទូទាំងប្រទេសអ៊ីស្រាអែល ក្នុងការផ្ទុះកំហឹងព្រមៗគ្នាបន្ទាប់ពីការបង្ខំឲ្យស្នងការនគរបាលក្រុងនេះលាលែងពីតំណែង។

លោក អាមី អេសេដ (Ami Eshed) បានប្រកាសកាលពីល្ងាចថ្ងៃពុធថា លោកនឹងចាកចេញពីកងកម្លាំងនគរបាលអ៊ីស្រាអែល ជាអ្វីដែលលោកបាននិយាយថា គឺជាសម្ពាធនយោបាយ។ លោកបានប៉ះទង្គិចគ្នាជាទៀងទាត់ជាមួយរដ្ឋមន្ត្រីសន្តិសុខជាតិ ដែលមាននិន្នាការប្រកាន់តឹងរបស់ប្រទេស នេះ គឺលោក អ៊ីតាម៉ា បេន-ជីវៀ( Itamar Ben-Gvir) ដែលបានទាមទារឲ្យនគរបាលចាត់វិធានការតឹងរ៉ឹងទប់ទល់ការតវ៉ាប្រឆាំងរដ្ឋាភិបាលជាច្រើនខែមកនេះ។
មនុស្សរាប់ពាន់នាក់បានបិទផ្លូវហាយវ៉េ អាយ៉ាឡុង(Ayalon) ដោយបញ្ឈប់ចរាចរណ៍លើផ្លូវដែលមានសភាពអ៊ូអរជាធម្មតា។ បាតុករជាច្រើននាក់ដែលកាន់ទង់ជាតិអ៊ីស្រាអែលពណ៌ខៀវ និងស បានផ្លុំស្នែង រាំនៅតាមផ្លូវ និងដុតបំពួកភ្លើងជាច្រើនកន្លែង។ នគរបាលមួយចំនួនដែលបានជិះលើខ្នងសេះ ព្យាយាមរុញហ្វូងហ្វូងមនុស្ស ជួនកាលត្រូវប្រើកាណុងបាញ់ទឹកទៀតផង។

ក្នុងពេលផ្សាយផ្ទាល់ អ្នកបើកបររថយន្តបានបើករថយន្តកាត់ហ្វូងបាតុករ វាយបុរសម្នាក់បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់។ អ្នកបើកបរត្រូវបានគេរាយការណ៍ថាត្រូវបានចាប់ខ្លួន។
ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់បានចេញតវ៉ាតាមផ្លូវនានាចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រី បេន ចាមីន នេតានយ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសផែនការកាលពីខែមករា ក្នុងការកែប្រែប្រព័ន្ធតុលាការរបស់ប្រទេសនេះ ។ការតវ៉ាជាច្រើនបានបិទផ្លូវនានា រំខានដល់អាកាសយានដ្ឋាន និងមានមនុស្សប្រមូលផ្ដុំគ្នាកកកុញនៅតាមទីក្រុងសំខាន់ៗរបស់ប្រទេសនេះ ៕