អាមេរិក៖ ស្របពេលការប្រារព្ធពិធី និងការបាញ់កាំជ្រួចភ្ញីនៅថ្ងៃបុណ្យឯករាជ្យជាតិទី៤កក្កដា ដែលជាថ្ងៃឈប់សម្រាកចុងសប្ដាហ៍ជាច្រើនថ្ងៃ ទីក្រុងនានាទូទាំងអាមេរិក ត្រូវបានរងគ្រោះដោយអំពើហិង្សាដោយអាវុធ ខណៈការបាញ់ប្រហារដ៏រង្គាលបានកើតឡើងនៅក្នុងពិធីជប់លៀងនិងការជួបជុំពិធីបុណ្យផ្សេងៗ។

យោងតាមមជ្ឈមណ្ឌលតាមដានអំពើហិង្សាដោយអាវុធ(Gun Violence Archive) ជាគេហទំព័រមួយដែលតាមដានការបាញ់ប្រហារទូទាំងសហរដ្ឋអាមេរិក មនុស្សចំនួន២០នាក់បានស្លាប់ និង១២៦នាក់ បានរងរបួសក្នុងហេតុការបាញ់ប្រហារសម្លាប់រង្គាលចំនួន២២លើក ដែលបានផ្ទុះឡើងទូទាំងប្រទេសរវាងម៉ោង៥ល្ងាច ថ្ងៃសុក្រ និង៥ព្រឹកថ្ងៃពុធទី៥សប្ដាហ៍នេះ ។ គេហទំព័រ ដែលកំណត់ពីការបាញ់ប្រហារដ៏រង្គាលថា រាល់ហេតុការណ៍នីមួយៗដែលមានមនុស្ស៤នាក់ ឬច្រើនជាងនេះ បានស្លាប់ ឬរបួសដោយរាយការណ៍ថាការបាញ់ប្រហារដ៏រង្គោលនៅថ្ងៃឈប់សម្រាក បានកើតឡើងនៅក្នុងរដ្ឋចំនួន១៧ និងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។
ក្នុងចំណោមការបាញ់ប្រហារធ្វើឲ្យកក្រើកសហរដ្ឋអាមេរិក ដោយការបាញ់ប្រហារដ៏រង្គាលនៅទីក្រុង Baltimore, Philadelphia, Boston, Chicago និងFort Worth នៅរដ្ឋ Texas ។ ជនរងគ្រោះនៃការបាញ់ប្រហាររួមទាំងក្មេងប្រុសវ័យ១៥ឆ្នាំម្នាក់ និងកុមារជាច្រើនស្ថិតក្នុងចំណោមអ្នករងរបួសទាំងនោះ។

ក្រុមអាជ្ញាធរបាននិយាយថាមនុស្ស៤នាក់ បានស្លាប់និង៧នាក់ផ្សេងទៀត រងរបួសក្នុងហេតុការណ៍បាញ់ប្រហារនៅពិធីអបអរបុណ្យឯករាជ្យជាតិ៤កក្កដាភ្លាមៗមុនពេលមានការបាញ់បោះដោយសេរីកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារក្នុងទីក្រុងស្រ៊ីវវ៉េផត(Shreveport)ភាគខាងត្បូងរដ្ឋល្វីស៊ីណា (Louisiana)។ អ្នកនាំពាក្យស្នងការនគរបាលក្រុង ស្រ៊ីវវ៉េផត លោក អានជី វីលហៃ (Angie Willhite) បាននិយាយថា គ្មានជនសង្ស័យណាម្នាក់ត្រូវចាប់ខ្លួនបាននោះទេ ហើយគេក៏ពុំទាន់បានដឹងពីមូលហេតុភ្លាមៗដែរ។ គួររម្លឹកថា ការបាញ់ប្រហារនេះ បានកើតមានឡើង ស្របពេលមានការកើនឡើងថ្មីៗនៃអំពើហិង្សាដោយអាវុធទូទាំងសហរដ្ឋអាមេរិក នៅថ្ងៃបុណ្យឯករាជ្យជាតិចុងសប្ដាហ៍។ ការរបាញ់ប្រហារដ៏រង្គាលជាច្រើនត្រូវគេរាយការណ៍នៅក្នុងទីក្រុងមួយចំនួនរួមទាំង Baltimore, Philadelphia, Fort Worth និងWashington, D.C. បណ្ដាលឲ្យមនុស្ស១០នាក់ស្លាប់ និងរាប់សិបនាក់រងរបួស៕