អាហ្វ្រិកខាងត្បូង៖ អភិបាលខេត្ត បាននិយាយកាលពីថ្ងៃពុធបន្ទាប់ពីមានករណីមនុស្សជាច្រើនបានបាត់បង់ជីវិត ថាមនុស្សយ៉ាងហោចណាស់១៦នាក់ បានស្លាប់នៅក្នុងសំណង់លំនៅឋានបណ្តោះអាសន្នមួយកន្លែងជិតទីក្រុង ប៊ុកស្បើក(Boksburg) ភាគខាងកើតរដ្ឋធានី ចូហានណេសប្បើក (Johannesburg) ក្រោយមានករណីសង្ស័យលេចធ្លាយឧស្ម័ន ។

លោក ផានីយ៉ាហ្សាឡេស៊ូហ្វី (Panyaza Lesufi) អភិបាលខេត្ត ហ្កូតឹង(Gauteng ) របស់ប្រទេសអាហ្វ្រិកខាងត្បូង បានប្រាប់ក្រុមអ្នកសារព័ត៌មាន ខណៈលោកចុះពិនិត្យកន្លែងកើតហេតុថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ប្រភេទឧស្ម័នឈានដល់ការបង្កគ្រោះថ្នាក់រហូតមានការបាត់បង់អាយុជីវិតនេះ។
លោកបាននិយាយថា ចំនួនជនរងគ្រោះ១៦នោះ ត្រូវបានផ្ទៀងផ្ទាត់រួចហើយ ។ដំបូងឡើយចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍ថាមានដល់២៤នាក់។
លោកបានបន្ថែមថា សាកសពទាំងអស់បានរាយប៉ាយពាសពេញតំបន់នេះ ហើយជនរងគ្រោះក្មេងជាងគេមានអាយុត្រឹម១ឆ្នាំប៉ុណ្ណោះ។

ដំបូងឡើយ សារព័ត៌មាន SABC បានដកស្រង់សម្ដីរបស់អ្នកនាំពាក្យនៃក្រសួងគ្រប់គ្រងគ្រោះមហន្តរាយនិងគ្រាអាសន្នដោយនិយាយថា មនុស្ស២៤នាក់បានស្លាប់។
សារព័ត៌មានអាហ្វ្រិកខាងត្បូង បានរាយការណ៍ថា ការលេចធ្លាយឧស្ម័ននេះ អាចជាប់ពាក់ព័ន្ធនឹងករណី ដែលគេសង្ស័យថា មកពីសកម្មភាពជីកខួងយករ៉ែដោយខុសច្បាប់៕