អាមេរិក៖ សេតវិមាន នាពេលនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយសេវាសម្ងាត់សហរដ្ឋអាមេរិក បន្ទាប់ពីមានការរកឃើញម្សៅកូកាអ៊ីន កាលពីល្ងាចថ្ងៃអាទិត្យ (ទី២ ខែកក្កដា)។
ការិយាល័យ West Wing នៃសេតវិមាន ដែលមានតំបន់សំខាន់ៗដូចជាការិយាល័យរាងពងក្រពើ និងកន្លែងធ្វើការសម្រាប់ជំនួយការប្រធានាធិបតី និងបុគ្គលិក ត្រូវបានជម្លៀសចេញក្នុងរយៈពេលខ្លី បន្ទាប់ពីការរកឃើញដ៏សំខាន់នេះ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលនៃការត្រួតពិនិត្យជាប្រចាំរបស់ខ្លួន ភ្នាក់ងារសេវាសម្ងាត់ បានប្រទះឃើញសារធាតុគួរសង្ស័យ នៅក្នុងទីតាំង ដែលក្រុមភ្ញៀវអាចចូលទៅលេងបាន។ ជាវិធានការប្រុងប្រយ័ត្ន អគារសេតវិមានត្រូវបានបិទនៅម៉ោង ៨:៤៥នាទីយប់ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១២:៤៥ ម៉ោងសកល) កាលពីថ្ងៃអាទិត្យនោះ។ ការធ្វើតេស្តបឋមដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Washington Post ក្រោយមក បានបញ្ជាក់ពីសារធាតុនេះ ជាកូកាអ៊ីន។
នៅពេលកើតហេតុនោះ លោកប្រធានាធិបតី Joe Biden និងក្រុមគ្រួសាររបស់លោក ស្ថិតនៅឯកន្លែងសម្រាកលម្ហែ Camp David ដែលមានទីតាំងនៅរដ្ឋ Maryland។ មន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់មួយរូប បាននិយាយទៅកាន់សារព័ត៌មាន CS News ដែលជាដៃគូព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ BBC បានបង្ហាញថា សារធាតុត្រូវបានរកឃើញនៅក្នុងកន្លែងស្តុកទុក ដែលប្រើប្រាស់ជាប្រចាំដោយបុគ្គលិក និងភ្ញៀវរបស់សេតវិមាន ដើម្បីទុកទូរស័ព្ទដៃរបស់ពួកគេ។
ក្រុមមន្ត្រីបានជូនដំណឹងដល់បណ្តាសារព័ត៌មាននានាថា សេវាសម្ងាត់នឹងធ្វើការស៊ើបអង្កេតយ៉ាងទូលំទូលាយថា តើសារធាតុនេះបានចូលទៅក្នុងសេតវិមានដោយរបៀបណា។ មន្ត្រីបាននិយាយថា កាមេរ៉ាសុវត្ថិភាព និងកំណត់ហេតុការចូល នឹងត្រូវបានពិនិត្យ ដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលមានសិទ្ធិចូលទៅកាន់តំបន់ ដែលបានរកឃើញសារធាតុនេះ។

រដ្ឋបាលប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិកចាត់ថ្នាក់ម្សៅកូកាអ៊ីនថា ជាថ្នាំប្រភេទទី២ (Schedule II) ក្រោមច្បាប់គ្រប់គ្រងសារធាតុញៀន ដោយសារសក្តានុពលខ្ពស់ ក្នុងការយកទៅប្រើប្រាស់៕