ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា ទឹកខ្មៅលុបមិនជ្រះ សម្រាប់ជ្រលក់ដៃក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាពេលខាងមុខនេះ មានតម្លៃជិតមួយលានដុល្លារអាមេរិក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបង្ហាញទឹកខ្មៅលុបមិនជ្រះដល់ភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានលើកឡើងថា ទឹកខ្មៅសម្រាប់ជ្រលក់ដៃក្នុងការបោះឆ្នោតខាងមុខនេះ មានគុណភាពខ្ពស់ បញ្ជាទិញពីប្រទេសឥណ្ឌា ដូចការប្រើប្រាស់មុនៗយ៉ាងដូច្នោះដែរ។
គ.ជ.ប.ក៏ផ្តល់ឲ្យមានការសាកល្បងដោយឲ្យភាគីពាក់ព័ន្ធធ្វើការជ្រលក់ដៃទឹកខ្មៅដែលខ្លួនបាន បញ្ជាទិញនោះផងដែរ ដោយការសាកល្បងនេះ គឺមានការចូលរួមពីប្រទេសជាម្ចាស់ជំនួយ តំណាងអង្គការជាតិ និងអន្តរជាតិ រួមទាំងតំណាងគណបក្សនយោបាយទាំង១៨។
តំណាងជាច្រើននាក់ ដែលមកគណបក្សនយោបាយ អង្គការជាតិ-អន្តរជាតិ រួមទាំងអ្នកសារព័ត៌មានផងនោះ បានចូលរួមជ្រលក់ម្រាមដៃដើម្បីសាកល្បងគុណភាពទឹកខ្មៅថាអាចលាងជ្រះ ឬក៏លាងមិនជ្រះ៕



