ចិន៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមព្យាករណ៍ឧតុនិយមចិន បានចេញសេចក្តីណែនាំពីរលកកម្តៅនៅទូទាំងតំបន់ភាគខាងជើងប្រទេស ពេលដែលសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤០អង្សាសេនៅតាមតំបន់មួយចំនួន ។

រលកកម្តៅដ៏អាក្រក់បំផុត បានវាយប្រហារប្រទេសចិនអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ជាហេតុជំរុញឲ្យរដ្ឋាភិបាលក្នុងស្រុក ស្នើសុំឲ្យប្រជាពលរដ្ឋ និងក្រុមធុរកិច្ចទប់ស្កាត់ការប្រើប្រាស់ចរន្តអគ្គិសនី ។
ក្រុមអ្នកជំនាញអាកាសធាតុ បានព្យាករណ៍ថា សីតុណ្ហភាពខ្ពស់បំផុត អាចនឹងមានរយៈពេលយូរជាងរលកកម្តៅដ៏ហួតហែងកាលពីឆ្នាំមុន ដែលមានរយៈពេលជាង ២ខែ ។
មន្ទីរឧតុនិយមចិន បានចេញសេចក្តីប្រកាសអាសន្នកម្រិតពណ៌លឿងទំ សម្រាប់សីតុណ្ហភាពខ្ពស់នៅតាមតំបន់ភាគខាងជើងប្រទេសចិន ដែលរួមទាំងតំបន់មួយចំនួននៅក្នុងទីក្រុងប៉េកាំង ក្នុងនោះខេត្ត Hebei (ហ៊ើប៉ី) និងខេត្ត Henan (ហ៊ើណាន) ត្រូវបានគេរំពឹងថា សីតុណ្ហភាពនឹងកើនឡើងដល់ ៤០អង្សាសេ ឬខ្ពស់ជាងនេះ ។

នៅវេលាម៉ោង ៧ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃព្រហស្បតិ៍នេះ ត្រូវនឹងម៉ោង ២៣ ម៉ោងសកល ទីក្រុងប៉េកាំង បានចេញសេចក្តីព្រមានកម្រិតពណ៌ក្រហមរួចទៅហើយ ដែលជាកម្រិតអាសន្នខ្ពស់បំផុតក្នុងចំណោមប្រព័ន្ធប្រកាសអាសន្ន ៣កម្រិត ពាក់ព័ន្ធនឹងរលកកម្តៅទាំងនេះ ។
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Beijing Daily ដែលគាំទ្រដោយរដ្ឋចិន បានឲ្យដឹងថា គេរំពឹងថា សីតុណ្ហភាពអតិបរមានៅតាមតំបន់ភាគច្រើននៅក្នុងរដ្ឋធានីប៉េកាំង នឹងខ្ពស់ជាង ៤០អង្សាសេ ៕