ភ្នំពេញ៖ បេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគតឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ឱ្យទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយកុំស្តាប់តាមការឃោសនាអកុសលណាមួយរបស់ជនអគតិមួយក្តាប់តូច ដែលចង់បំផ្លាញសន្លឹកឆ្នោត ឬបំផ្លាញការបោះឆ្នោតឱ្យសោះ ។
តាមរយៈវីដេអូឃ្លីបមួយដែលបានបង្ហោះនៅលើបណ្តាញ Telegram និង Facebook នៅព្រឹកថ្ងៃទី៦ ខែកក្កដា នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា សូមបន្តផ្តល់ ការទុកចិត្តទៅលើសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងរូបទេវតាបាចផ្កា ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បានផ្តល់ការ ជឿទុកចិត្តទៅលើសម្តេចតេជោ ហ៊ុន សែន និងបានអញ្ជើញទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ តាមការអំពាវនាវរបស់សម្តេចតេជោ ក្នុងពេលដែលជំងឺនេះកំពុងឆ្លងរាលដាលខ្លាំង ទើបអាចគ្រប់គ្រងជំងឺកូវីដ-១៩ បានដោយប្រសិទ្ធភាព និងឆាប់រហ័ស។
ហេតុដូច្នេះ ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ត្រូវបន្តផ្តល់ការទុកចិត្ត ទៅលើសម្តេចតេជោថែមទៀត ដោយទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ដូចអ្វីដែលសម្តេច អំពាវនាវឲ្យទៅចាក់វ៉ាក់សាំងយ៉ាងដូច្នោះដែរ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយជាមួយគ្នានោះ កុំជឿតាមការញុះញង់ទាំងឡាយណា ដែលមានបំណងបំផ្លាញការបោះ ឆ្នោតនៅកម្ពុជា ៕អត្ថបទ៖ បាន ចក់