តាកែវ៖ បណ្ដុំអង្គការសមាគមសង្គមស៊ីវិល សហការជាមួយរដ្ឋបាលស្រុកព្រៃកប្បាស នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ធ្វើវេទិការសាធារណៈស្តីពី «គុណតម្លៃនៃការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា» ដល់ប្រជាពលរដ្ឋជាង ៣០០ នាក់ ស្ថិតនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
វេទិកាសាធារណៈនេះដឹកនាំដោយលោក ហេង សំណាង ប្រធានបណ្ដុំអង្គការសមាគមសង្គមស៊ីវិល ដោយមានការចូលរួមជាអធិបតីពីលោក អ៊ិត សារ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស និងលោកស្រី បាន ឌី អភិបាលរងស្រុកព្រៃកប្បាស លោក ម៉ៅ ផល្លា ប្រធានថ្នាលយុវជនកម្ពុជា រួមនឹងសមាជិកសមាជិកអង្គការសង្គមស៊ីវិល មន្រ្ដីរាជការនៃរដ្ឋបាលស្រុកព្រៃកប្បាសជាច្រើនរូបទៀត។
លោក ហេង សំណាង ប្រធានបណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានលើកឡើងថា ជាការពិតណាស់បច្ចុប្បន្ននេះពលរដ្ឋខ្មែរគ្រប់រូប កំពុងតែរស់នៅក្នុងយុគសម័យមួយដែលបច្ចេកវិជ្ជា មានភាពជឿនលឿន ស៊ីវិល័យនិងទាន់សម័យបំផុត។ ហើយភាពរីកចម្រើន ជឿនលឿន និងលូតលាស់គ្រប់វិស័យដែលមានតម្លៃជាប្រវត្តិសាស្ត្រនេះគឺអាចកើតមានទៅបាន ក៏ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ ទើបកម្ពុជាមានភាពរីកចម្រើន មានការអភិវឌ្ឍ និងអាចឈានជើងដើរមកដល់ចំណុចនេះ។
ប្រជាពលរដ្ឋដែលបានចូលរួមក្នុងវេទិកានេះ បានលើកឡើងថាប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជេដ្ឋាភិបាលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឱ្យប្រទេសមានការរីកចម្រើន និងមានការអភិវឌ្ឍគ្រប់យ៉ាងដល់មូលដ្ឋាន មានដូចជាហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងមន្ទីរពេទ្យជាដើម។
សូមជម្រាបថា វេទិកាថ្ងៃនេះ ពិតជាមានសារសំខាន់ណស់សម្រាប់ យុវជនសាធារណជនទូទៅ ពិសេសពលរដ្ឋខ្មែរគ្រប់រូបដែលចាំបាច់បំផុតក្នុងការចូលរួម ថែររក្សាការពារសុខសន្តិភាព និងស្ថេរភាព នយោបាយដើម្បីកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនជឿនលឿនដូចប្រទេសនានាលើសកលលោក៕ អត្ថបទ៖ វ៉ន ដារ៉ា