UN៖ទីភ្នាក់ងារIAEA បាននិយាយកាលពីថ្ងៃពុធថា ក្រុមអ្នកជំនាញមកពីទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់UN ដែលមានមូលដ្ឋាននៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្សីក្នុងប្រទេសអ៊ុយក្រែនមិនទាន់បានសង្កេតឃើញការចង្អុលបង្ហាញអំពីគ្រាប់មីន ឬសារធាតុផ្ទុះនៅក្នុងរោងចក្រនេះ នៅឡើយទេ ប៉ុន្តែពួកគេត្រូវការចូលទៅមើលបន្ថែមទៀត ដើម្បីឲ្យច្បាស់។

រុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃអង្គារ បានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការរៀបចំផែនការវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ដែលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានព្រមានម្តងហើយម្តងទៀតអំពីមហន្តរាយដែលអាចកើតមានពីការប៉ះទង្គិចគ្នាខាងយោធានៅក្បែរនោះ។
ប្រទេសទាំង២ បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបាញ់ផ្លោង ដែលបានធ្វើឱ្យដាច់ខ្សែភ្លើងម្តងហើយម្តងទៀត ដែលមានសារៈសំខាន់ក្នុងការធ្វើឲ្យម៉ាស៊ីនរ៉េអាក់ទ័រទាំង៦របស់រោងចក្រត្រជាក់ និងជៀសវាងការធ្វើឲ្យនុយក្លេអ៊ែរគាំង។

សេចក្តីថ្លែងការណ៍របស់ IAEA បានឲ្យដឹងថា ក្រុមអ្នកជំនាញរបស់ IAEA បានត្រួតពិនិត្យផ្នែកខ្លះនៃបរិក្ខារក្នុងប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងផ្នែកខ្លះនៃបរិវេណនៃអាងទឹកត្រជាក់ដ៏ធំ ហើយបានចុះទៅជាប្រចាំនៅទូទាំងកន្លែងនោះ រហូតមកដល់ពេលនេះ ដោយមិនសង្កេតឃើញសញ្ញាណដែលអាចមើលឃើញគ្រាប់មីន ឬជាតិផ្ទុះនោះទេ៕