ម៉ិកស៊ិក៖ ក្រុមមន្ត្រីបាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានបាត់បង់ការគ្រប់គ្រងហើយបានវេរចេញពីផ្លូវធ្លាក់ចូលជ្រោះជ្រលងភ្នំ មានជម្រៅ២៥ម៉ែត្រ នៅប្រទេសម៉ិកស៊ិកភាគខាងត្បូងកាលពីព្រឹកថ្ងៃពុធ បណ្តាលឲ្យមនុស្ស២៩នាក់ស្លាប់។ ឧបទ្ទវហេតុនេះ បានកើតឡើង នៅតំបន់ Mixteca នៅរដ្ឋ Oaxaca (អូកសាកា) ភាគខាងត្បូងជាតំបន់មានជនជាតិដើមភាគតិចរស់នៅច្រើន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋ លោក Jesús Romero បាននិយាយថា មនុស្ស២៧នាក់បានស្លាប់ នៅក្នុងគ្រោះថ្នាក់នេះ រួមទាំងកុមារអាយុ១ឆ្នាំទៅ២ឆ្នាំ។ លោកនិយាយថា មនុស្សប្រមាណ២០នាក់ បានរងរបួស ដែលមួយចំនួនរងរបួសធ្ងន់។ ក្រោយមកការិយាល័យរបស់លោក បាននិយាយថា ចំនួនអ្នកស្លាប់ បានកើនឡើងដល់២៩នាក់ បន្ទាប់ពីជនរងគ្រោះ២នាក់បានស្លាប់ដោយការរងរបួសនៅមន្ទីរពេទ្យ។
លោក Romero បាននិយាយថា អ្នកបើកបររថយន្តក្រុង ទំនងជាបាត់បង់ការគ្រប់គ្រងលើយានយន្តរបស់ខ្លួន បានធ្លាក់ចូលក្នុងជ្រោះជ្រលងភ្នំ។ លោក Romero បាននិយាយទៅកាន់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកថា វាទំនងជាថា ជាការខ្វះជំនាញ និងការនឿយហត់ បណ្តាលឲ្យមានគ្រោះថ្នាក់នេះ។
រូបភាពដែលបានចែករំលែកដោយនគរបាល បង្ហាញថារថយន្តក្រុងបានរអិលធ្លាក់ ដែលធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរ។

រថយន្តក្រុងនេះត្រូវបានគេកំណត់ចេញដំណើរពីទីក្រុងប្រទេសម៉ិកស៊ិក ដឹកអ្នកដំណើរទៅកាន់ភូមិតំបន់ភ្នំដាច់ស្រយាល និងភូមិតូចៗមួយចំនួន នៅក្នុងតំបន់ Mixteca ដែលក្រីក្រ។