កូរ៉េខាងត្បូង៖ កាលពីចុងខែមិថុនា បន្ទប់រង់ចាំនៅមន្ទីរពេទ្យកុមារនៅជាយក្រុងសេអ៊ូល ត្រូវដាក់ពេញទៅដោយកុមាររាប់សិបនាក់ ភាគច្រើនមានព្យួរសេរ៉ូម ដោយកំពុងរង់ចាំជាច្រើនម៉ោងតាំងពីម៉ោង ៦ ព្រឹក ដើម្បីជួបគ្រូពេទ្យ ឬទទួលបានគ្រែពេទ្យ។ លោកស្រី Lee Bo-mi ជាម្តាយកុមារអាយុ៣ឆ្នាំម្នាក់ដែលមានជំងឺរលាកសួតនៅតែមិនទាន់បានប្រសើរឡើងបន្ទាប់ពីការព្យាបាលជាច្រើនសប្តាហ៍ បាននិយាយថា យើងបានរង់ចាំប្រហែល ២ សប្តាហ៍ ដើម្បីទទួលបានគ្រែមន្ទីរពេទ្យ ព្រោះតែមានបញ្ជីរង់ចាំយូរ ដូច្នេះយើងមិនត្រូវបានទទួលប្រហែល២សប្តាហ៍មកហើយ។ ខ្ញុំពិតជាបារម្ភខ្លាំង កូនប្រុសរបស់ខ្ញុំឈឺ។ គ្រូពេទ្យកុមារ៧នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា ដើមចមនៃបញ្ហាដែលកំពុងប្រឈមនៅប្រទេសកូរ៉េខាងត្បូង គឺអត្រាកំណើតដែលបានធ្លាក់ចុះមកត្រឹម ០,៧៨ ក្នុងឆ្នាំ២០២២ នោះគឺជាចំនួនទារកជាមធ្យមដែលរំពឹងទុកសម្រាប់ស្ត្រីម្នាក់ រួមជាមួយនឹងការបរាជ័យនៃប្រព័ន្ធធានារ៉ាប់រងក្នុងការសម្របខ្លួនទៅនឹងបញ្ហានេះ បណ្តាលឱ្យពេទ្យកុមារជួបបញ្ហាធនធាន និងវេជ្ជបណ្ឌិតកំពុងចាកចេញពីវិស័យនេះដែលពួកគេគិតថាគ្មានអនាគត។ កាលពីខែឧសភា កុមារអាយុ ៥ ឆ្នាំម្នាក់ នៅទីក្រុងសេអ៊ូលដែលមានជំងឺរលាកបំពង់កធ្ងន់ធ្ងរ បានស្លាប់បន្ទាប់ពីត្រូវបានគេបញ្ជូនទៅលំនៅឋានខណៈពេលពុំអាចរកគ្រែមួយក្នុងមន្ទីរពេទ្យជាច្រើនកន្លែងបាន។ គ្រូពេទ្យបារម្ភថាករណីបែបនេះនឹងកើនឡើង។ លោក Choi Yong-jae អនុប្រធានសមាគមមន្ទីរពេទ្យកុមារកូរ៉េបាននិយាយថា អ្នកជំងឺជាច្រើនបានស្លាប់។ ពួកគេស្លាប់ខណៈកំពុងមានការកើនឡើងនៅបន្ទប់សង្គ្រោះបន្ទាន់ជាច្រើន ស្លាប់នៅពេលដែលវាពុំមែនជាជំងឺធ្ងន់ធ្ងរ ។ គ្រូពេទ្យកុមារបានដាក់កំហុសលើរដ្ឋាភិបាល ចំពោះការខ្វះវិធានការសមស្របដើម្បីដោះស្រាយបញ្ហាកំពុងកើតឡើងរយៈពេលយូរ និងបានស្នើសុំថវិកាបន្ថែមដើម្បីទាក់ទាញគ្រូពេទ្យបន្ថែមទៀតឱ្យមកព្យាបាលជំងឺកុមារ។

