ស្រីលង្កា៖ នៅថ្ងៃព្រហស្បតិ៍នេះ ធនាគារកណ្តាលស្រីលង្កា (CBSL) បានកាត់បន្ថយអត្រាការប្រាក់សំខាន់ៗរបស់ខ្លួនចំនួន០,២% ដូចការរំពឹងទុក ស្របពេលដែលអតិផរណានៅតែបន្តធ្លាក់ចុះ ហើយការផ្តោតសំខាន់ងាកទៅលើកការស្តាកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយមានប្រាក់សង្រ្គោះពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ។

CBSL កាត់បន្ថយអត្រាការប្រាក់ឥណទានប្រាក់បញ្ញើឈរ និងឥណទានប្រាក់កម្ចីឈរ មកនៅត្រឹម ១១ភាគរយ និង ១២ភាគរយ ដែលកាលពីមុនមាន ១៣ភាគរយ និង ១៤ភាគរយ ។ វិធានការបែបនេះ កើតមានបន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់០,២៥% នៅជំនួបគោលនយោបាយចុងក្រោយរបស់ពួកគេ កាលពីខែមិថុនាកន្លងទៅ ។
គួរឲ្យដឹងថា ប្រទេសកោះមួយនេះ បានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំមុន ពេលដែលទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួន អស់ ហើយតម្លៃចំណីអាហារ និងថាមពល ហក់ឡើងខ្ពស់កប់ពពក ។ កាលពីខែកក្កដា ឆ្នាំមុន ក្រុមបាតុករ បានបង្ខំទម្លាក់តំណែងលោកអតីតប្រធានាធិបតី Gotabaya Rajapaksa ។

ធនាគារកណ្តាល បានដំឡើងអត្រាការប្រាក់ខ្ពស់បំផុត០,៩៥% កាលពីឆ្នាំមុន ដើម្បីបន្ធូរបន្ថយសំពាធអតិផរណា ហើយនិងកាត់បន្ថយ ០,១% កាលពីថ្ងៃទី ៣ ខែមីនាកន្លងទៅ ។
លោកប្រធានាធិបតី Ranil Wickremesinghe បានឡើងកាន់អំណាចកាលពីខែកក្កដា ឆ្នាំ២០២២ និងលោកបានចរចាប្រាក់សង្រ្គោះ ២,៩ពាន់លានដុល្លារពី IMF កាលពីខែមីនា ៕