ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានអះអាងថា ពួកគេ ដែលធ្លាប់ឆ្លងកាត់ការបោះឆ្នោត កន្លងមកហើយនោះ បានយល់ច្បាស់អំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ តាមការតម្រូវការ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីឱ្យសន្លឹកឆ្នោតនោះអាចយកជាការបាន ។
ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ បានអះអាងថា ពីមួយអាណត្តិទៅមួយអាណត្តិ ពួកគេ ត្រូវបានមន្ត្រី នៃគណបក្សនយោបាយនានា បានបង្រៀនពីការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ហើយពួកគេ ក៏ បានអនុវត្តធ្វើតាមការបង្រៀន ឬការណែនាំទាំងអស់នោះ ដើម្បីធ្វើឲ្យសន្លឹកឆ្នោតអាចប្រើប្រាស់បាន ។
ពលរដ្ឋ បានអះអាងថា នឹងបន្តគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងគូសឱ្យគណបក្សនយោបាយ ដែលខ្លួនស្រឡាញ់ពេញចិត្ត ជាក់ស្ដែងជារៀងរាល់អាណត្តិ តែងបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា ព្រោះមានគុណចំពោះជាតិ និងប្រជាពលរដ្ឋ ។
នៅព្រឹកថ្ងៃទី៦ ខែកក្កដា នេះ ឯកឧត្តម ប៊ិន ស៊ីនាថ អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី និងមានការចូលរួមពីលោក កៃ សន សមាជិកក្រុមការងារសង្កាត់ រួមទាំងសមាជិកបក្ស បានចុះបង្រៀន និងណែនាំបន្ថែមដល់ពលរដ្ឋនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពីរបៀបគូសសន្លឹកឆ្នោត ក៏ដូចជាការផ្សព្វផ្សាយនូវគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ទៅដល់ពលរដ្ឋក្នុងមូលដ្ឋាន នេះផងដែរ ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៤ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានចេញសារសំឡេង ពិសេស ដោយបញ្ជាឱ្យសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធស្រាវជ្រាវឃាត់ខ្លួនឱ្យបាននូវជនទុច្ចរិត ដែលក្លែង បន្លំជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានទៅណែនាំអ្នកបោះឆ្នោតឱ្យគូសសន្លឹកឆ្នោតខុស ក្លាយ ទៅជាសន្លឹកឆ្នោតមិនបានការ ៕អត្ថបទ៖ បាន សុខរិទ្ធិ