ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកវិទ្យាល័យរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សម្រាប់យុទ្ធនាការគាំទ្រការអប់រំ ឌីជីថល។ យុទ្ធនាការ នឹងចាប់ផ្ដើមក្នុងកំឡុងខែ កក្កដា នេះ ដោយគ្របដណ្ដប់លើវិទ្យាល័យចំនួន៣៨ ដែលមានសិស្សទទួលផលជាង ៤ម៉ឺននាក់។ នេះជាការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា។
ជាគោលដៅលើកកម្ពស់គុណភាពសិក្សាឱ្យកាន់តែប្រសើរ ក្នុងយុគ្គសម័យឌីជីថល ក្រសួងអប់រំ នឹងរៀបចំ យុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សារាជធានីភ្នំពេញ។
យុទ្ធនាការនេះគឺនឹងចាប់ផ្ដើមក្នុងកំឡុងខែ កក្កដានេះ ដោយផ្តោតលើសិស្សថ្នាក់ទី ១០ ទី ១១ និងទី ១២ ដែលត្រៀមប្រឡងសញ្ញា បត្របាក់ឌុប។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំបញ្ជាក់ថា យុទ្ធនាការនេះនឹងផ្ដល់ការបណ្ដុះបណ្ដាលដោយផ្ទាល់ នៅតាមថ្នាក់រៀន ដោយផ្តោតលើ ៦ចំណុចសំខាន់។ ៦ចំណុចនោះរួមមាន ការស្វែងយល់ពីវិធីសាស្រ្តរៀន ការរៀនដោយស៊ីជម្រៅ ការរៀនតាមបែបពន្លឿន ការបង្កើតក្លឹបសិក្សាសម្រាប់សិស្សរៀនយឺត ការបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ Duraseksa ទូរសិក្សា ដែលសិស្សអាចទទួលបានធនធានសិក្សាមានលក្ខណៈពេញលេញ គ្រប់មេរៀន គ្រប់មុខវិជ្ជា គ្រប់កម្រិតថ្នាក់ និងមានទាំងវីដេអូ សន្លឹកកិច្ចការ សៀវភៅមេរៀនសង្ខេប សំណួរចម្លើយ និងការធ្វើតេស្តសមត្ថភាពដោយខ្លួនឯង។
ជុំវិញការត្រៀមអនុវត្តយុទ្ធនាការមួយនេះ សម្រាប់សិស្សថ្នាក់ទី ១២ កំពុងសិក្សានៅវិទ្យាល័យមួយកន្លែងក្នុងរាជធានីភ្នំពេញ លើកឡើងជាក្ដីរំពឹងថា យុទ្ធនាការនេះនឹងផ្ដល់ជាភាពវិជ្ជមាន និងអត្ថប្រយោជន៍ច្រើនសម្រាប់ការសិក្សារបស់ខ្លួន។ ពួកគេក៏សប្បាយចិត្ត ដែលយុទ្ធនាការនេះ ក៏ផ្តោតលើការត្រៀមសម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុប និងផ្តល់ជាធនធានសិក្សាឌីជីថលបន្ថែម សម្រាប់ស្វ័យសិក្សា។
យុទ្ធនាការ គាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សារាជធានីភ្នំពេញ គឺអនុវត្តដោយ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ហើយក៏មានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមន្ទីរអប់រំ យុវជន និងកីឡា។ យុទ្ធនាការនេះ គឺគរុនិស្សិត និងគរុសិស្សស្ម័គ្រចិត្តចំនួន ៣៦៧នាក់ នឹងចុះទៅតាមថ្នាក់រៀនទាំងជិត ១០០០បន្ទប់ដោយផ្ទាល់ សម្រាប់ការបណ្ដុះបណ្ដាល៕ អត្ថបទ៖ គឹមហុក

