ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លើកឡើងថា ការខ្ចីប្រាក់ពីបណ្ដាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានច្បាប់ត្រឹមត្រូវមិនមែនជារឿងអាក្រក់នោះទេ ក្នុងនោះប្រសិន បើកម្ចីទៅប្រើប្រាស់ចំគោលដៅ មិនត្រឹមតែមានលទ្ធភាពក្នុងការសងត្រឡប់នោះទេ ថែមទាំងជួយបង្កើនចំណូលដែលអាចជួយដល់ជីវភាពក្រុមគ្រួសារបានល្អប្រសើរផងដែរ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងកម្មវិធីជំនួបជាមួយអ្នកសារព័ត៌មាន ក្រោមប្រធានបទ៖ ការត្រួតពិនិត្យស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣ សាលាបច្ចេកទេសធនាគារ (CBS) ថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៣ នេះថា ជុំវិញការខ្ចីប្រាក់របស់ប្រជាពលរដ្ឋនៅតាមគ្រឹះស្ថានធនាគារ ក៏ដូចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនា គារជាតិនៃកម្ពុជា តែងតែបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់កម្ចីចំគោលដៅ ពីការកម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានត្រឹមត្រូវ ដោយមានការថ្លឹងថ្លែងឲ្យបានច្បាស់លាស់ ដើម្បីយកប្រាក់ទាំងនោះប្រើប្រាស់ឲ្យមានតម្លាភាព ពោលគឺការប្រាក់ទៅអាចរកចំណូល និងមានលទ្ធភាពសង់ត្រឡប់។
លោកជំទាវបណ្ឌិត បន្តថា ទាក់ទងបញ្ហានេះ ធនាគារជាតិនៃកម្ពុជា បានចែករំលែកចំណេះដឹងអំពីផ្នែកហិរញ្ញវត្ថុបន្ថែមទៀតដល់ក្រុមអ្នកសារព័ត៌មាន ក្នុងគោលបំណងដើម្បីផ្សាយបន្តប្រាប់ដល់ពលរដ្ឋ អំពីការដាក់ប្រាក់សន្សំតាមធនាគារ និងហិរញ្ញវត្ថុ ដែលផ្ដល់ទាំងសុវត្ថិភាព និងការប្រាក់ ពោលគឺចៀសជាងការខ្ចីលុយមានការប្រាក់ខ្ពស់ពេក និងគ្មានច្បាប់ត្រឹមត្រូវ ដែលអាចបង្កជាហានិភ័យ។
លោកជំទាវបណ្ឌិត ជា សិរី បានបន្ថែមថា ជុំវិញការខ្ចីនេះ ធនាគារជាតិនៃកម្ពុជា តែងតែលើកទឹកចិត្តប្រជាពលរដ្ឋឲ្យសន្សំលុយ តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្លូវការ ដោយមានការចុះកិច្ចសន្យាត្រឹមត្រូវ ក្នុងនោះចំពោះការសន្សំលុយនៅធនាគារពាណិជ្ជ នឹងទទួលបានការប្រាក់ទៀតផង។ សម្រាប់បញ្ហានេះ ប្រសិនបើកម្ចីទៅលើការរកស៊ី ដើម្បីបានចំណូល បង្កើនចំណូល ហើយមានលទ្ធភាពសងត្រឡប់ទៅកាន់ម្ចាស់បំណុល នោះការជំពាក់ ឬខ្ចីលុយគេជារឿងល្អ ក៏ប៉ុន្ដែប្រសិនបើការខ្ចីលុយយកទៅប្រើប្រាស់ខុសគោលដៅដូចជា ឡើងស៊េរីទូរស័ព្ទ, ទិញម៉ូតូ ឬឡានថ្មី ទាំងនេះជាហានិភ័យ បង្កគ្រោះថ្នាក់ឈានដល់ការជាប់បំណុលវ័ណ្ឌក៕អត្ថបទ៖ សុន រ៉ាឌី
