ហុងកុង៖ នគរបាលសន្តិសុខជាតិហុងកុងបានចាប់ខ្លួនមនុស្ស ៤នាក់កាលពីថ្ងៃពុធ ដោយចោទប្រកាន់ពួកគេពីបទគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស និងការតស៊ូមតិទាមទារឯករាជ្យរបស់ហុងកុងពីប្រទេសចិន។

ប្រភពពីរដែលមានដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា លោក Ivan Lam អតីតប្រធានក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យដែលត្រូវបានរំសាយឥឡូវនេះ គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នគរបាលបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសបួននាក់ ពីបទសង្ស័យថាបានសមគំនិតក្នុងការឃុបឃិតជាមួយបរទេស និងធ្វើសកម្មភាពដោយមានចេតនាបំផុសគំនិតប្រឆាំង។
អ្នកទាំងបួននោះត្រូវ "សង្ស័យថាបានទទួលមូលនិធិពីក្រុមហ៊ុនប្រតិបត្តិការ វេទិកាសង្គម និងកម្មវិធីទូរស័ព្ទ ដើម្បីគាំទ្រដល់មនុស្សដែលបានភៀសខ្លួនទៅក្រៅប្រទេស ហើយបន្តចូលរួមក្នុងសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ"។ នគរបាលមិនបានបង្ហាញឈ្មោះជនសង្ស័យ ឬផ្តល់ព័ត៌មានលម្អិតអំពីបទល្មើសដែលបានចោទប្រកាន់ពួកគេនោះទេ។

ការចាប់ខ្លួននេះបានធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនគរបាលហុងកុងបានចេញដីកាតាមចាប់ខ្លួន និងផ្តល់ប្រាក់រង្វាន់សម្រាប់ការផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនក្រុមសកម្មជនដែលមានមូលដ្ឋាននៅក្រៅប្រទេសចំនួនប្រាំបីនាក់ជុំវិញបទល្មើសទាក់ទងនឹងសន្តិសុខជាតិ៕