ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។ ការថ្លែងបែបនេះ ធ្វើឡើងចំពោះមុខសមាជិកសមាជិកា គណបក្សប្រជាជមកម្ពុជា ក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្អាង នាព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ បានចុះជួបសំណេះសំណាលជាមួយ សកម្មជន និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រចាំឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ប្រមាណជាង ៨០០នាក់ ព្រមទាំងបានថ្លែងអំណរគុណដល់ សមាជិក សមាជិកា និងប្រជាពលរដ្ឋទូទាំងឃុំ ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមក ។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងចំពោះមុខប្រជាពលរដ្ឋ និងសមាជិកគណបក្សប្រជាជនកម្ពុជា ទាំងថ្មីទាំងចាស់ថា គណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានជួយឱ្យមូលដ្ឋានមានការអភិវឌ្ឍជាលំដាប់។
ឯកឧត្តមបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ពោលគឺនៅក្បែរប្រជាពលរដ្ឋជានិច្ច។
ឯកឧត្តម ទី សុគន្ធ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ឃុំក្រាំងយ៉ូវ បានថ្លែងថា ពីមុនមូលដ្ឋានឃុំក្រាំងយ៉ូវនេះ ប្រជាពលរដ្ឋមានជីវភាពមិនសូវល្អប្រសើរប៉ុន្មានទេ ហើយក៏មិនមានហេដ្ឋារចនាសម្ព័ន្ធរីកចម្រើនដូចបច្ចុប្បន្ននេះដែរ។
ឯកឧត្តម បញ្ជាក់ថា រាល់សមិទ្ធផល ដែលកើតមាននៅក្នុងមូលដ្ឋាននេះ គឺកើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩៨ មក គណបក្សប្រជាជនកម្ពុជា ក្នុងឃុំក្រាំងយ៉ូវនេះគឺឈ្នះឆ្នោតជាប្រចាំ។
ប្រជាពលរដ្ឋ និងជាសមាជិកគណបក្សប្រជាជនកម្ពុជាប្រចាំមូលដ្ឋានខាងនេះ ក៏បានបង្ហាញការកត់សម្គាល់ថា ជារួមសមិទ្ធផលជាច្រើនដែលកើតមានក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ គឺសុទ្ធសឹងជាការផ្ដល់ជូនពីគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាលសព្វថ្ងៃ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល ក៏បានចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងសមាជិកបក្ស តាមខ្នងផ្ទះ ប្រកបដោយកាយវិការយ៉ាងសមញ្ញ និងភាពកក់ក្ដៅ ក្នុងនាមជាអាណាព្យាបាលប្រចាំមូលដ្ឋានខាងលើនេះ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជមកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញា នៅលេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្ដេសតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត និងដើម្បីជ្រើសរើសមេដឹកនាំដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ៕ អត្ថបទ៖ ចេន សុជាត